ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ​ទាមទារ​ឲ្យ​រុស្ស៊ី​បង់​ប្រាក់​ រាប់​ពាន់​លានដុល្លារ​ជា​សំណង ​សម្រាប់​ការ​បំផ្លាញ​ទំនប់ Nova Kakhovka

គៀវ៖ ក្រុង​កៀវ​កំពុង​ទាមទារ​ឲ្យ​រុស្ស៊ី ​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជា​សំណង ​សម្រាប់​ការ​បំផ្លាញ​ទំនប់ Nova Kakhovka នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌​មាន Newsweek។

លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់កាសែត Newsweek ថា ការបំផ្លិចបំផ្លាញទំនប់ដ៏សំខាន់ក្នុងសម័យសូវៀត នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន នៅលើដងទន្លេ Dnieper គឺ “អាក្រក់ខ្លាំងណាស់” ។

អ៊ុយក្រែន និងអង្គការណាតូ បានចោទប្រកាន់រុស្ស៊ីថា ជាអ្នកនៅពីក្រោយការបំផ្លាញទំនប់នេះ។ លោក ហ្សេឡិនស្គី បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានបំផ្ទុះស្ថានីយ៍វារីអគ្គិសនី Kakhovka ពីខាងក្នុងរោងចក្រ ដែលជាផ្នែកនៃ “ការវាយប្រហារភេរវកម្ម” ខណៈ រុស្ស៊ី បានស្តីបន្ទោសអ៊ុយក្រែន ចំពោះការខូចខាត ដោយលើកឡើងថា វាត្រូវបានធ្វើ ដើម្បីបង្វែរការយកចិត្តទុកដាក់ពីការវាយលុក “មិនសមហេតុផល” ។

លោក Ustenko បានឲ្យដឹងថា “នេះគឺជាការវាយប្រហារភេរវករយ៉ាងច្បាស់ណាស់ ដោយជនជាតិរុស្ស៊ី ដែលនឹងមានផលប៉ះពាល់អវិជ្ជមានជាច្រើន៖ បរិស្ថាននឹងរងទុក្ខ ប្រជាជននឹងបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ហើយហេដ្ឋារចនាសម្ព័ន្ធថាមពល របស់យើងនឹងត្រូវរងគ្រោះធ្ងន់ធ្ងរ” ។

លោក​បាន​បន្ត​ថា តម្លៃ​សរុប​នៃ​ការ​បំផ្លាញ​ទំនប់​នេះ គឺ​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។ លោក Ustenko បានលើកឡើងថា “រុស្ស៊ីត្រូវតែត្រូវបានបញ្ឈប់ជាមួយនឹងគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន រួមទាំងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។ អ៊ុយក្រែន ក៏ត្រូវតែត្រូវបានផ្តល់សំណង សម្រាប់ការខូចខាតទាំងអស់ ដែលបង្កឡើងដោយរុស្ស៊ី” ។

លោក ហ្សេឡិនស្គី បានពណ៌នាស្ថានភាពថាជា “គ្រាប់បែកបរិស្ថាននៃការបំផ្លិចបំផ្លាញ” ដែលបានធ្វើឱ្យមនុស្សរាប់សែននាក់ មិនមានទឹកផឹក និងប្រើប្រាស់ឡើយ។ មនុស្សរាប់ពាន់នាក់ត្រូវបាន បញ្ជាឱ្យជម្លៀសចេញពីតំបន់ Kherson ដែលកាន់កាប់ដោយផ្នែក ចំពេលកម្រិតទឹកកើនឡើង។

ក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ការបាក់ទំនប់នេះនឹងបណ្តាលឱ្យ មានការជន់លិចដីកសិកម្មរាប់ម៉ឺនហិកតា នៅភាគខាងត្បូងអ៊ុយក្រែន ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក ដល់ប្រព័ន្ធធារាសាស្រ្តចំនួន ៣១ នៅក្នុងតំបន់ Kherson, Zaporizhzhia និង Dnipro របស់ប្រទេសអ៊ុយក្រែន។

ក្រសួងកសិកម្មអ៊ុយក្រែនបានឲ្យដឹងថា “ការបំផ្លិចបំផ្លាញ នៃស្ថានីយ៍វារីអគ្គិសនី Kakhovka នឹងនាំឱ្យការពិតដែលថា វាលស្រែនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន អាចប្រែទៅជាវាលខ្សាច់នៅឆ្នាំក្រោយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top