ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីជប៉ុន ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា នៅថ្ងៃសុក្រនេះ លោក Fumio Kishidaនាយករដ្ឋមន្ត្រីជប៉ុន និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ខណៈដែលក្រុងតូក្យូ នៅតែបន្តគាំទ្រដល់ក្រុង គៀវ ស្របពេលមានការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួននោះ ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលមេដឹកនាំនៃប្រទេសទាំង២បានជួបសន្ទនាគ្នាចាប់តាំងពីពួកគេបានជួបគ្នានៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី២១ ខែឧសភា ដែលជាថ្ងៃបិទនៃកិច្ចប្រជុំកំពូលក្រុម G7 ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ។

ការពិភាក្សាគ្នានេះដែរបានធ្វើឡើងនៅប៉ុន្មានថ្ងៃ ក្រោយពីអ្នកស្រុករាប់ម៉ឺននាក់ត្រូវបានបង្ខំចិត្តឱ្យជម្លៀសខ្លួនចេញបន្ទាប់ពីទឹកជំនន់បណ្តាលឱ្យមានករណីបាក់ទំនប់វារីអគ្គិសនី Nova Kakhovka នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ។

ប្រភពបានឲ្យដឹងថា លោក Kishida បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនកាលពីថ្ងៃទី២១ ខែមីនា នៅមុនកិច្ចប្រជុំកំពូល ក្រុម G7 ហើយត្រូវបានគេដឹងថា លោកបានប្រាប់ដល់លោក Zelenskyy ថា ក្រុងតូក្យូ នឹងជំរុញជំនួយផ្នែកហិរញ្ញវត្ថុ និងមនុស្សធម៌របស់ខ្លួនដល់ក្រុង គៀវ ។

លោក Zelenskyy បានបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលនៅឯកិច្ចប្រជុំកំពូលនៃក្រុម G7 ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រដល់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីដែលបានបើកការឈ្លានពានរបស់ខ្លួននៅក្នុងខែកុម្ភៈឆ្នាំ២០២២ ។

គេបានដឹងថា កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុន បានទទួលយកទាហានអ៊ុយក្រែន២នាក់ដែលរងរបួសនៅក្នុងសង្គ្រាម ដើម្បីផ្តល់ការថែទាំសុខភាពដល់ពួកគេនៅមន្ទីរពេទ្យនៃកងកម្លាំងការពារស្វ័យការពារក្នុងទីក្រុងតូក្យូ ។ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top