ព័ត៌មានអន្តរជាតិ

តម្លៃ​ប្រេង​ឡើង​ថ្លៃ ​ចំ​ពេល​មាន​ការ​រំពឹង​ទុក​ថា ​មាន​តម្រូវ​ការ​ខ្លាំង និងការធ្លាក់ចុះប្រាក់​ដុល្លារ​អាមេរិក

ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគត បានប្រកាសពីកំណើនដ៏រឹងមាំ​ ដោយសារក្តីសង្ឃឹម សម្រាប់តម្រូវការប្រេងខ្លាំង និងការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដា បានកើនឡើង ២,៣៥ ដុល្លារអាមេរិក ឬ ៣,៤៤ភាគរយ ដើម្បីទូទាត់នៅ ៧០,៦២ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែសីហា បានបន្ថែម ២,៤៧ដុល្លារអាមេរិក ឬ ៣,៣៧ភាគរយ មកទូទាត់នៅតម្លៃ ៧៥,៦៧ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។

យោងតាមទិន្នន័យដែលចេញដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា សហរដ្ឋអាមេរិក បានកត់ត្រាចំនួន ៦៨៦,៦ពាន់លានដុល្លារអាមេរិកនៃការលក់រាយ និងសេវាកម្មម្ហូបអាហារក្នុងខែឧសភា កើនឡើង ០,៣ភាគរយ ក្នុងមួយខែ។

កំណើនខ្ពស់ជាងការរំពឹងទុកនៅក្នុងការលក់រាយ និងសេវាកម្មម្ហូបអាហារនៅក្នុងខែឧសភា ផ្តល់ក្តីសង្ឃឹម សម្រាប់តម្រូវការប្រេងដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះដែរ ទិន្នផលប្រេងឆៅរបស់ចិន នៅក្នុងខែឧសភា បានកើនឡើង ១៥,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ ៦២ លានតោន នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍។

លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ OANDA ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញតាមអ៊ីនធឺណិត បានលើកឡើងថា ប្រេងអាចស្វែងរកការគាំទ្រមួយចំនួន ខណៈដែលពាណិជ្ជករថាមពលរំពឹងថា ការស្ទុះងើបឡើងវិញរបស់ប្រទេសចិន នឹងមានភាពប្រសើរឡើង ហើយខណៈដែល Wall Street សង្ស័យថា ប្រធានធនាគារកណ្ដាលអាមេរិកលោក Jerome Powell នឹងអាចផ្តល់នូវការគំរាមកំហែងដ៏អាក្រក់របស់លោក លើសេវាកម្មជួញដូរទ្រព្យសកម្ម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top