ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ទីផ្សារប្រទេសចិន គឺមិនអាចខកខាន បាននោះឡើយ

វេទិកាដាវ៉ូស រដូវក្តៅលើកទី១៤ ដែលកំពុងធ្វើឡើងនៅក្រុង Tianjin បានទាក់ទាញ ឥស្សរជន មជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម និងបញ្ញវន្ត ជាង១៥០០នាក់ ដែលមកពីប្រទេស និងតំបន់ជិត១០០ចូលរួម ។ ក្នុងដំណើរផ្លាស់ប្តូរមតិយោបល់ ភ្ញៀវកិត្តិយស ដែលចូលរួមវេទិកា ជាច្រើនរូបបានប្រើពាក្យ “ខ្សោយ” មកពិពណ៌នា ពីសភាពការណ៍សេដ្ឋកិច្ច ពិភពលោក នាពេលបច្ចុប្បន្ន ។ វេទិកាលើកនេះ បានធ្វើឡើងក្រោមប្រធានបទ “ស្មារតីសហគ្រិន ៖ កម្លាំងចលករ នៃសេដ្ឋកិច្ចពិភពលោក ” ហើយបានចាត់ទុក “ការស្តារកំណើន ឡើងវិញ” ជាប្រធានបទស្នូលមួយ ដែលមានលក្ខណៈ ចំគោលដៅ ប្រាកដប្រជាយ៉ាងខ្លាំង ពោល គឺបង្ហាញពីគោលបំណងដ៏ខ្លាំងក្លា របស់អ្នកផងទាំងពួង ។
បើចង់ទទួលបាន កំណើននោះ ក៏ត្រូវមានកម្លាំងចលករ ។
តើកម្លាំងចលករបែបនេះ បានមកពីណា? ជាធម្មតាក្នុងនាមជាអង្គភាព សេដ្ឋកិច្ចធំទីពីរ លើពិភពលោក និងមានទំហំពាណិជ្ជកម្ម ទំនិញសរុបជាប់ចំណាត់ថ្នាក់ទីមួយ លើពិភពលោកក្នុងរយៈពេល៦ ឆ្នាំជាប់ៗគ្នា ប្រទេសចិន បានក្លាយ ជាចំណុចក្តៅ ដែលអ្នកផងទាំងពួង យកចិត្តទុកដាក់យ៉ាងខ្លាំង ។ ក្នុងរយៈពេល១០ឆ្នាំ កន្លងទៅនេះ អត្រាកំណើន នៃសេដ្ឋកិច្ចចិន គិតជាមធ្យមក្នុងមួយឆ្នាំ បានកើនឡើង៦,២ភាគរយ អត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោក គិតជាមធ្យមបានលើសពី៣០ ភាគរយ ដែលបានក្លាយ ជាក្បាលម៉ាស៊ីនដ៏ធំបំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។ លោក Borge Brende អគ្គនាយក នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានថ្លែងនៅពេលផ្តល់សម្ភាសន៍ថា ល្បឿនកំណើន នៃសេដ្ឋកិច្ចរបស់ចិន ខ្ពស់ជាង ពិភពលោកទាំងមូល ហើយអត្រារួមចំណែក នៃសេដ្ឋកិច្ចចិន ចំពោះកំណើនសេដ្ឋកិច្ច ពិភពលោកឆ្នាំនេះប្រហែលនឹងឡើង ដល់៣៦ភាគរយ ។

“តើទីផ្សារបែបនេះ ម្ដេចនឹងអាចខកខាន បានទៅ?” ភ្ញៀវកិត្តិយសជាច្រើនរូប ដែលចូលរួមវេទិកាលើកនេះ បានសម្គាល់ថា កំណើនសេដ្ឋកិច្ច របស់ចិនមានកម្លាំង ចលករពីផ្ទៃក្នុងយ៉ាងខ្លាំងក្លា ។ តំណាងទាំងឡាយ ក៏បានបង្ហាញពីភាព សុទិដ្ឋិនិយមចំពោះទីផ្សារប្រើប្រាស់ សមត្ថភាពលំនឹង កំណើននិងបង្ការ អតិផរណា ក៏ដូចជាកម្រិតច្នៃ ប្រឌិតថ្មីរបស់ចិនផងដែរ ។

បើនិយាយចំពោះ សហគ្រាសទូទាំងពិភពលោក ប្រទេសចិនមិនគ្រាន់តែជា “រឿងរ៉ាវកំណើនដ៏ល្អ”ប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសឈ្នះ-ឈ្នះផងដែរ ។ ពិតមែនតែនា ពេលបច្ចុប្បន្ននេះ ប្រទេសប៉ែកខាងលិច មានសំឡេងមួយចំនួនញុះញង់ឱ្យ “ផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិន និង“លុបបំបាត់ហានិភ័យ” ក៏ដោយ ក៏ ប៉ុន្តែការសម្តែង អាកប្បកិរិយារបស់តំណាង សហគ្រាសដែលចូលរួមវេទិកាលើកនេះបានបង្ហាញថា ប្រសិនបើធ្វើអ៊ីចឹង គឺស្មើនឹង “ច្រានចោល កិច្ចសហប្រតិបត្តិការ” និង“ច្រានចោលឱកាស” ដែលបានល្មើសនឹងក្រឹត្យក្រមសេដ្ឋកិច្ច ដូច្នេះប្រការនេះ គឺមិនអាចទទួលយកបានទេ ។ ក្នុងពេលបច្ចុប្បន្ននេះ ដែលមានការធ្វើសកលភាវូបនីយកម្ម កម្រិតខ្ពស់ ការមិនអភិវឌ្ឍន៍ និងមិនធ្វើកិច្ចសហប្រតិបត្តិការ ទើបជាហានិភ័យដ៏ពិតប្រាកដ ។ វេទិកាសេដ្ឋកិច្ចពិភពលោក បានព្យាករណ៍ថា ប្រសិនបើពិភពលោក ធ្លាក់ចូលក្នុង “ការផ្តាច់ទំនាក់ទំនង” នោះនឹងខាតបង់ផលិតផល ក្នុងស្រុកសរុបសកលចំនួនពី៧ ភាគរយដល់៩ភាគរយ ។

បច្ចុប្បន្ននេះ ចិនបាននិង កំពុងពង្រីកការបើកទូលាយ ចំពោះអន្តរជាតិឥតឈប់ឈរ ដើម្បីនាំឱ្យទូទាំងពិភពលោក ចែករំលែកផលប្រយោជន៍ជាមួយចិន ។ ទន្ទឹមនឹងពេលដែលចិន បន្ធូរបន្ថយការអនុញ្ញាតឱ្យចូលទីផ្សារ ពង្រីកការបើកទូលាយ បែបប្រព័ន្ធរបបនិងបង្កើន កម្លាំងការពារកម្មសិទ្ធិបញ្ញា ក្នុងវិស័យឧស្សាហកម្មសេវាកម្ម ទំនើបថែមមួយកម្រិតទៀត ការអភិវឌ្ឍរបស់សហគ្រាសគ្រប់ប្រភេទ នឹងទទួលបានការគាំទ្រកាន់តែធំ ។
បើនិយាយចំពោះសហគ្រាស ទូទាំងពិភពលោក វេទិកាដាវ៉ូស រដូវក្តៅលើកទី១៤ មិនត្រឹមតែជាដំណើរ ដែលពោរពេញទៅ ដោយជំនឿចិត្តមួយ លើកប៉ុណ្ណោះទេ ថែមទាំងក៏ជាដំណើរប្រកបដោយគំនិតឯកភាព រួមនិងប្រតិបត្តិការ មួយលើកផងដែរ ។ ស្របនឹងពេល ដែលប្រទេសចិន ជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ទូទាំងពិភពលោកនឹងចែករំលែក ឱកាសសហប្រតិបត្តិការកាន់តែច្រើន ។ ដូចប្រសាសន៍របស់លោក Borge Brende ដែលបានលើកឡើងថា “រឿងរ៉ាវនៅកំពុងបន្តទៅទៀត ។” អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top