ព័ត៌មានអន្តរជាតិ

បាញ់រះនៅរដ្ឋ Maryland សហរដ្ឋអាមេរិក ស្លាប់២នាក់របួស២៨នាក់

រូបភាពពី៖​ AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនៅកន្លែងជប់លៀងមួយកន្លែងក្នុងទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បានបណ្តាឲ្យមានមនុស្សស្លាប់២នាក់ភ្លាមៗនិង២៨នាក់ទៀតរងរបួស។

ការបាញ់រះដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអាធ្រាត្យយប់ថ្ងៃអាទិត្យ នៅក្នុងពិធីជប់លៀងមួយកន្លែង ដែលមានមនុស្សចូលរួមដល់ទៅរាប់រយនាក់ហើយក្នុងនោះ បុរសវ័យ១៨ឆ្នាំម្នាក់និងនារីវ័យ២០ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

អភិបាលក្រុងបានចេញមកចេញសេចក្តីថ្លែងការណ៍ថា មកទល់ពេលនេះឧក្រិដ្ឋជនកំពុងបន្តរត់គេចនៅឡើយ ហើយការស៊ើបអង្កេតកំពុងបន្ត ដែលយើងមិនទាន់អាចនឹងសម្រាកបាននៅឡើយ។

ទីក្រុង Baltimore ត្រូវបានគេចាត់ទុកថា ជាទីក្រុងដែលមានចំណាត់ថ្នាក់ នៃការបាញ់ប្រហារអាក្រក់ជាងគេបំផុតមួយ របស់អាមេរិក ហើយប្រមាណជា៨ឆ្នាំចុងក្រោយនេះ ករណីបាញ់ប្រហារនៅក្នុងទីក្រុងនេះមានចំនួនលើសជាង៣០០ករណីជាប់គ្នារហូតមក៕ ប្រែសម្រួល៖ស៊ុនលី

To Top