ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន ត្រៀមបើកកិច្ចប្រជុំកំពូល ជាមួយលោក ហ្សេឡិនស្គី នៅថ្ងៃស្អែក នៅលីទុយអានី

រូបភាព៖ Kyodo

តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងអ៊ុយក្រែន កំពុងរៀបចំឱ្យមានកិច្ចប្រជុំកំពូលនៅព្រឹកថ្ងៃពុធស្អែកនេះ រវាងនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអ៊ុយកក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅខាងក្រៅកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី។

ប្រភពបានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោក ជាមួយលោក ហ្សេឡិនស្គី នាយករដ្ឋមន្រ្តីជប៉ុនលោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងបង្ហាញពីឆន្ទៈរបស់លោក ក្នុងការជំរុញការគាំទ្រ សម្រាប់អ៊ុយក្រែន ក្នុងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានបំផ្លិចបំផ្លាញដោយការឈ្លានពានរបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ ។

វានឹងក្លាយជាលើកទីមួយហើយ សម្រាប់មេដឹកនាំទាំងពីរ ដែលបានជួបគ្នាចាប់តាំងពីលោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលនៅឯកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីក្នុងខែឧសភា ហើយក្រោយមកនៅក្នុងខែមិថុនា លោក គីស៊ីដា ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ហ្សេឡិនស្គី ផងដែរ ។

ប្រទេសជប៉ុន បានយល់ព្រមជាមួយអ៊ុយក្រែន ដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនង ដែលនឹងគាំទ្រដល់ប្រទេសអឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកសាងឡើងវិញនូវតំបន់ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការឈ្លានពានរបស់រុស្ស៊ី។

ទីក្រុងតូក្យូ មានបំណងផ្តល់ដំបូន្មាន និងចំណេះដឹងដល់ទីក្រុង គៀវ ដើម្បីប្រើប្រាស់ក្នុងការកសាងឡើងវិញនូវតំបន់ ដែលត្រូវបានបំផ្លាញ ដោយផ្អែកលើបទពិសោធន៍ ដែលទទួលបានពីការរញ្ជួយដីដ៏ធំក្នុងឆ្នាំ២០១១ និងការបន្តកើតមាននូវរលកយក្សស៊ូណាមិ ដែលបានវាយប្រហារតំបន់ភាគឦសាននៃប្រទេសជប៉ុន។

កិច្ចប្រជុំកំពូលរបស់អង្គការណាតូ រយៈពេល ២ថ្ងៃគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារនៅប្រទេសលីទុយអានី ខណៈពេលដែលប្រទេសជប៉ុន មិនមែនជាសមាជិករបស់ណាតូ ហើយប្រទេសអាស៊ីមួយនេះ គឺជាដៃគូនៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top