បរទេស៖ យោងតាមការស្ទង់មតិ ទំនុកចិត្តបានធ្លាក់ចុះក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះមានតែ ៦០ភាគរយ នៃសាធារណជននិយាយថា ពួកគេមានទំនុកចិត្ត “ច្រើន” លើយោធាអាមេរិក។
ប្រភពពី Gallup បានរំលឹកថា ទំនុកចិត្តសាធារណៈលើយោធា គឺ “ទាបបំផុត” ក្នុងឆ្នាំ១៩៩៧ ។
តួលេខនេះបានកើនឡើង បន្ទាប់ពីជ័យជម្នះសង្គ្រាមឈូងសមុទ្រ ឈានដល់កម្រិតខ្ពស់បំផុត ៨៥ភាគរយក្នុងឆ្នាំ១៩៩១ ប៉ុន្តែទីបំផុតបានធ្លាក់ចុះមកត្រឹម ៦៩ភាគរយ នៅឆ្នាំ២០២១ ដោយធ្លាក់ចុះបន្ថែមទៀតចាប់តាំងពីពេលនោះមក បន្ទាប់ពីការចាកចេញ របស់ទាហានអាមេរិក ពីអាហ្វហ្គានីស្ថាន។
លោក Tyler Nixon ជើងចាស់របស់កងទ័ពថ្មើរជើង បានប្រាប់ កាសែត Sputnik ឲ្យដឹងថា “ការធ្លាក់ចុះយ៉ាងគំហុក” នៃទំនុកចិត្ត បន្ទាប់ពីការដកទ័ពរបស់អាមេរិក ចេញពីអាហ្វហ្គានីស្ថាន គឺជាការឆ្លុះបញ្ចាំងពីប្រភេទនៃការចុះចាញ់ពីសង្រ្គាម ២០ឆ្នាំនេះ ដែលត្រូវបានធ្វើនៅក្នុងប្រទេស ដែលយើងមិនមានផល ប្រយោជន៍ជាយុទ្ធសាស្រ្ត ។
ដោយឡែកលោក Nixon បានលើកឡើងពីជម្លោះ អ៊ុយក្រែនដោយថា “យើងមានរឿងនេះកើតឡើង មិនថានោះជាយោធាផ្ទាល់ ឬអត់ ជាអកុសល ពួកគេ (ជនជាតិអាមេរិក) ដឹងថាយើងកំពុងបញ្ជូនអាវុធ។ ខ្ញុំគិតថាវាប៉ះពាល់ផងដែរលើទំនុកចិត្តដែលប្រជាជនមានចំពោះយោធា។ ខ្ញុំសង្ឃឹមថា យើងនឹងមិនចូលក្នុងសង្គ្រាមទៀតនោះទេ” ។
ការអត្ថាធិប្បាយនេះកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ការវាយលុករបស់ទីក្រុងគៀវ មិនទទួលបានជោគជ័យគ្រប់ទិសដៅ ហើយទីក្រុងមូស្គូ នឹងបន្តប្រតិបត្តិការយោធាពិសេស របស់ខ្លួននៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា