វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយដ៏ធំមួយ សម្រាប់រដ្ឋហាវ៉ៃ បន្ទាប់ពីភ្លើងឆេះព្រៃដ៏ខ្លាំងក្លា ដែលជំរុញដោយព្យុះសង្ឃរា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦ នាក់មកទល់ពេលនេះ និងបានបំផ្លាញរចនាសម្ព័ន្ធរាប់រយនៅលើកោះ Maui របស់រដ្ឋហាវ៉ៃ។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់រដ្ឋ និងក្នុងតំបន់នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃដែលចាប់ផ្តើមពីថ្ងៃអង្គារមក។
ជំនួយអាចរួមមានជំនួយ សម្រាប់លំនៅដ្ឋានបណ្តោះអាសន្ន និងការជួសជុលផ្ទះ ប្រាក់កម្ចីតម្លៃទាប ដើម្បីរ៉ាប់រងការខាតបង់ទ្រព្យសម្បត្តិ ដែលមិនមានធានារ៉ាប់រង និងកម្មវិធីផ្សេងទៀត ដើម្បីជួយបុគ្គល និងម្ចាស់អាជីវកម្មឱ្យងើបឡើងវិញពីផលប៉ះពាល់នៃគ្រោះមហន្តរាយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
រដ្ឋបាលថ្នាក់តំបន់ Maui បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន កាលពីល្ងាចថ្ងៃពុធថា “នៅពេលដែលកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យនៅតែបន្ត អ្នកស្លាប់សរុបចំនួន ៣៦ នាក់ត្រូវបានរកឃើញនៅថ្ងៃនេះ ចំពេលមានភ្លើងឆេះកាន់តែខ្លាំង” ។
ក្រុមមន្ត្រីក៏បានឲ្យដឹងផងដែរថា យ៉ាងហោចណាស់សំណង់ ២៧១ ត្រូវបានខូចខាត ឬបំផ្លាញដោយអណ្តាតភ្លើង។ ខ្យល់បក់ខ្លាំងពីព្យុះ Hurricane Dora ជាដើមហេតុចំពោះភ្លើងឆេះព្រៃដ៏សាហាវនេះ ដែលបណ្ដាលផ្នែកខ្លះនៃទីក្រុង Lahaina ដែលជាកន្លែងទេសចរណ៍ ត្រូវបំផ្លាញ៕ ប្រែសម្រួល ឈូក បូរ៉ា