អ.ស.ប៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា អ្នកនាំពាក្យសម្រាប់បេសកកម្ម នៃអង្គការសហប្រជាជាតិរបស់ប្រទេសចិន ប្រចាំនៅទីក្រុងញ៉ូវយ៉កបានថ្លែអកាលពីថ្ងៃចន្ទថា ប្រទេសចិន បានជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលបានគ្រោងទុកស្តីពីការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ព្រោះវាគ្រាន់តែជាការ “បង្កើនការប្រឈមមុខដាក់គ្នា និងការខ្វែងគំនិតគ្នាតែប៉ុណ្ណោះ” ។
សហរដ្ឋអាមេរិក ប្រទេសអាល់បានី និងជប៉ុន បានស្នើសុំកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ។ វានឹងក្លាយជាការជួបប្រជុំជាសាធារណៈលើកដំបូងរបស់ក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥រូបលើបញ្ហានេះចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ។
អ្នកនាំពាក្យសម្រាប់បេសកកម្មរបស់អង្គការសហប្រជាជាតិរបស់ប្រទេសចិន បានឲ្យដឹងថា “ប្រទេសចិន បានមើលឃើញថាគ្មានតម្លៃបន្ថែមសម្រាប់ក្រុមប្រឹក្សាដើម្បីឱ្យមានកិច្ចប្រជុំបែបនេះនោះទេ ហើយនឹងប្រឆាំងនឹងករណីនេះ” ដោយបានបញ្ជាក់បន្ថែមថា អាណត្តិរបស់ក្រុមប្រឹក្សានេះគឺ “ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ មិនមែនសិទ្ធិមនុស្សទេ” ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងដោយសំដៅដល់ឈ្មោះផ្លូវការរបស់ប្រទេសនេះថា “កិច្ចប្រជុំក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង ស្ថិតនៅក្រៅអាណត្តិរបស់ក្រុមប្រឹក្សា ធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ហើយគ្រាន់តែបម្រើដល់ការបង្កើនការប្រឈមមុខដាក់គ្នា និងការប្រឆាំងប៉ុណ្ណោះ” ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឈ្មោះថា KCNA បានផ្សាយកាលពីថ្ងៃចន្ទថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល ដើម្បីជួយធានាដល់ “អំណាចយោធាដ៏ខ្លាំងក្លា” និងត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រៀមរៀបចំសមយុទ្ធយោធាប្រចាំឆ្នាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា