ព័ត៌មានអន្តរជាតិ

Update ៖ លោក ចូ បៃដិន ធ្វើដំណើរទៅកាន់កោះហាវ៉ៃ ដើម្បីចុះសួរសុខទុក្ខជន រងគ្រោះដោយភ្លើងឆេះព្រៃ

ប្រភព ៖ AFP

RENO៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានចេញដំណើរទៅកាន់កោះហាវ៉ៃ ដើម្បីមើលការខូចខាត ដែលរីករាលដាលពីភ្លើងឆេះព្រៃ នៅក្រុង Maui នាពេលថ្មីៗនេះ នឹងជួបជាមួយអ្នករស់រានមានជីវិត និងទប់ទល់នឹងការរិះគន់ដែលថា រដ្ឋាភិបាលរបស់លោកដែលយឺតយ៉ាវ ក្នុងការឆ្លើយតបទៅនឹង គ្រោះមហន្តរាយមួយនេះ ។

លោក បៃដិន និងលោកជំទាវទី១ Jill Biden នឹងមកដល់ដែនកោះនេះ ដែលមានរយៈពេលជិត២សប្តាហ៍ បន្ទាប់ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងខ្យល់បោកបក់ពេញទីក្រុងប្រវត្តិសាស្ត្រ Lahaina ដោយបានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ អស់១១៤នាក់ ។

អណ្តាតភ្លើងបានឆាបឆេះយ៉ាងរហ័ស ដែលធ្វើឲ្យអ្នកស្រុក និងអ្នកទេសចរត្រូវបានរារាំង នៅជាប់នៅតាមដងផ្លូវ ឬលោតចូលទៅក្នុងមហាសមុទ្រ ដើម្បីគេចពីគ្រោះធម្មជាតិ ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋកោះហាវ៉ៃ ។

បន្ទាប់ពីដំណើរទេសចរណ៍ឧទ្ធម្ភាគចក្រ ដែលរងការខូចខាត លោក បៃដិន នឹងប្រកាសផ្តល់ជំនួយសង្គ្រោះបន្ថែមទៀត និងធ្វើការតែងតាំងអ្នកសម្របសម្រួល ក្នុងការឆ្លើយតបរបស់សហព័ន្ធមួយនេះ ។

ក្រុមអ្នករិះគន់ រួមទាំងអ្នករស់រានមានជីវិត ដែលមិនពេញចិត្តនៅរដ្ឋហាវ៉ៃ និងសមាជិកគណបក្សសាធារណរដ្ឋ មួយចំនួនដែលសង្ឃឹមថា នឹងប្រឈមមុខនឹងលោក បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ បានលើកឡើងថា ជំនួយមិនគ្រប់គ្រាន់ និងរៀបចំមិនបានល្អសោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top