ព័ត៌មានអន្តរជាតិ

Update៖ លោក បៃដិន មិនចាប់អារម្មណ៍នឹង រឿងមេដឹកនាំទាហានស៊ីឈ្នួល Wagner បាត់បង់ជីវិតក្នុងហេតុការណ៍ ធ្លាក់យន្តហោះនៅរុស្ស៊ីនោះទេ

Xinhua

ម៉ូស្គូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសហព័ន្ធរុស្ស៊ី សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស បានអនុលោមកាលពីថ្ងៃពុធថា លោក Yevgeny Prigozhin មេដឹកនាំក្រុមហ៊ុនយោធាឯកជន ដែលគេស្គាល់ឈ្មោះថា Wagner Group ត្រូវបានបាត់បង់ជីវិតនៅក្នុង ឧបទ្ទវហេតុធ្លាក់យន្តហោះនៅតំបន់ Tver ក្បែរទីក្រុងម៉ូស្គូ ។

យោងតាមបញ្ជីឈ្មោះដែលចេញផ្សាយ ដោយទីភ្នាក់ងារខាងលើនៅលើគណនី Telegram របស់ខ្លួនថា លោក Prigozhin ស្ថិតក្នុងចំណោមមនុស្ស១០នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងការ ធ្លាក់យន្តហោះកាលពីថ្ងៃពុធម្សិលមិញ ។

ទីភ្នាក់ងារដដែលនេះបានឲ្យដឹងនៅមុននេះថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ចំពោះមូលហេតុនៃការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ដោយកត់សម្គាល់ថា លោក Yevgeny Prigozhin ស្ថិតក្នុងចំណោមអ្នកដំណើរទាំងនោះដែរ ។

ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា យន្តហោះ Embraer ឯកជនចំនួន១គ្រឿង កំពុងធ្វើដំណើរពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុង St. Petersburg បានធ្លាក់នៅក្នុងតំបន់ Tver កាលពីថ្ងៃពុធ ដោយបានកត់សម្គាល់ថា មនុស្សទាំង១០នាក់ ដែលនៅលើយន្តហោះនោះ បានស្លាប់ក្នុងឧបទ្ទវហេតុនោះតែម្តង ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានទទួលព័ត៌មានសង្ខេប អំពីរបាយការណ៍ដែលថា យន្តហោះ១គ្រឿង ដែលត្រូវបានគេរាយការណ៍ថា ដឹកលោក Prigozhin បានធ្លាក់នៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមសារព័ត៌មានសេតវិមាន ។

លោក បៃដិន បានថ្លែងនៅគ្រាដែលមានការចោទ សួរអំពីការធ្លាក់យន្តហោះនេះថា “ខ្ញុំមិនដឹងការពិតថា មានអ្វីកើតឡើងទេ ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលឡើយ” ។ ប្រធានាធិបតីដែលស្នាក់នៅក្នុងរដ្ឋ Nevada ពេញមួយថ្ងៃដោយគ្មានព្រឹត្តិការណ៍ សាធារណៈដែលបានគ្រោងទុក បានថ្លែងថា គាត់កំពុងធ្វើលំហាត់ប្រាណពេលនោះ គេបានប្រាប់អំពីព័ត៌មាននេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top