បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ីរីលោក Faisal Mekdad និងសមភាគីអ៊ីរ៉ង់លោក Hussein Amir-Abdollahian បានចូលរួមក្នុងការចេញ សេចក្តីថ្លែងការណ៍រួមមួយ ដើម្បីប្រឆាំងនិងព្រមានទៅការបង្កើនវត្តមានយោធា របស់អាមេរិកនៅក្បែរតំបន់ព្រំដែន ស៊ីរីនិងអ៊ីរ៉ាក់។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរីរដ្ឋមន្ត្រីទាំងពីរបានសម្តែង ការព្រួយបារម្ភចំពោះកិច្ចខិតខំប្រឹងប្រែង ជាក់ស្តែងរបស់សហរដ្ឋអាមេរិក ក្នុងការប្រមូលផ្តុំកងកម្លាំង និងក្រុមឧទ្ទាមសម្ព័ន្ធមិត្ត នៅតាមព្រំដែនស៊ីរី-អ៊ីរ៉ាក់ ចាប់ពីខេត្ត Hasakah ភាគឦសាននៃប្រទេសស៊ីរី រហូតដល់តំបន់ភាគអាគ្នេយ៍។
លោកMekdad បាននិយាយថា ទង្វើនេះបានរំលោភលើបទប្បញ្ញត្តិអន្តរជាតិ ហើយនឹងប្រឈមមុខនឹង ប្រទេសស៊ីរីផងដែរខណៈដែលលោកAmir-Abdollahian បានបន្ទរពីការព្រួយបារម្ភរបស់ Mekdad ហើយបានណែនាំសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការបង្កគ្រោះថ្នាក់ដល់តំបន់។
គួរឲ្យដឹងដែរថាថ្មីៗនេះមាន របាយការណ៍ដែលបានអះអាងថា សហរដ្ឋអាមេរិកគ្រោងនឹងរឹតបន្តឹង ការគ្រប់គ្រងរបស់ខ្លួនលើព្រំដែនស៊ីរី-អ៊ីរ៉ាក់ ដើម្បីទប់ស្កាត់ឥទ្ធិពលអ៊ីរ៉ង់ នៅក្នុងតំបន់តាមរយៈការបង្កើនចំនួន វត្តមានយោធានិងការកសាងមូលដ្ឋានទ័ពផង៕
ប្រែសម្រួល៖ ស៊ុន លី