បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេស រុស្សី លោកស្រី Maria Zakharova បានលើកឡើងថា បញ្ហាជម្លោះដែនកោះរុស្សី នៅលើទន្លេ Amur រវាងចិននិងរុស្សីនោះត្រូវបានបោះបង្គោលព្រំដែន យ៉ាងត្រឹមត្រូវតាំងតែពីឆ្នាំ២០០៨ ហើយនៅតែបន្តរក្សា អនុវត្តកិច្ចព្រមព្រៀងនេះ រហូតមកដល់បច្ចុប្បន្ន។
លោកស្រី Zakharova ក៏បានថ្លែងទៀត ដោយការចង្អុលបង្ហាញ អំពីសន្ធិសញ្ញាឆ្នាំ ២០០៥ ដែលបានបែងចែកកោះ Bolshoi Ussuriysky និងការបោះបង្គោលព្រំដែនចុងក្រោយឆ្នាំ ២០០៨ នៃព្រំដែនប្រវែង ៤៣០០ គីឡូម៉ែត្រផងដែរ ។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោកស្រីZakharova បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងរឿងរ៉ាវ ដែលបានលេចឡើង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ជាច្រើននៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅលោកខាងលិច ដោយអះអាងថា ផែនទីថ្មី របស់ប្រទេសចិនឆ្នាំ២០២៣ ដែលបានចេញផ្សាយ កាលពីដើមសប្តាហ៍នេះ បានបញ្ចូលផ្នែកខ្លះ នៃទឹកដីរុស្ស៊ីគឺកោះBolshoi Ussuriysky ដែលជាកោះមួយនៅក្នុងទន្លេ Amur។
យោងតាមការបោះបង្គោលព្រំដែនឆ្នាំ២០០៨ប្រទេសរុស្ស៊ីបានរក្សាទុក ប្រហែលពីរភាគបីនៃកោះ Bolshoi Ussuriysky ខណៈដែលភាគខាងលិចបំផុត ទីបីត្រូវបានប្រគល់ឱ្យប្រទេសចិន ហើយ ផ្នែកនោះត្រូវបានគេស្គាល់ថា ជា Heixiazi ហើយជាកម្មសិទ្ធិរបស់ខេត្ត Heilongjiangរបស់ចិន៕
ប្រែសម្រួល៖ស៊ុនលី