ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន ប្រឈមមុខនឹង ការបណ្តេញចេញពីតំណែង

AFP

បរទេស៖ សមាជិកសភារបស់ប្រទេសអ៊ុយក្រែន បានអះអាងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នឹងបណ្តេញរដ្ឋមន្ត្រីការពារជាតិ គឺលោក Aleksey Reznikov ចេញពីតំណែងនៅសប្តាហ៍ក្រោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yaroslav Zheleznyak សមាជិកនៃគណបក្ស Golos បានសរសេរនៅលើ Telegram កាលពីថ្ងៃព្រហស្បតិ៍ថា “យោងតាមព័ត៌មានរបស់ខ្ញុំ គឺថា លោក Reznikov នឹងចាកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ ហើយនឹងបន្តធ្វើជាឯកអគ្គរដ្ឋទូត ប្រចាំចក្រភពអង់គ្លេស” ។

លោកក៏បានអះអាងផងដែរថា លោក Rustem Umerov ដែលជាប្រធានមូលនិធិ ទ្រព្យសម្បត្តិរដ្ឋអ៊ុយក្រែន (SPFU) ដែលអនុវត្តគោលនយោបាយរបស់ រដ្ឋាភិបាលលើការធ្វើឯកជនភាវូបនីយកម្ម និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នឹងជំនួស Reznikov នៅក្នុងគណៈរដ្ឋមន្ត្រី។

មុនពេលទទួលបន្ទុក SPFU ក្នុងឆ្នាំ ២០២២ លោក Umerov គឺជាសហសេវិករបស់លោក Zheleznyak ក្នុងគណបក្ស Golos ដែលបច្ចុប្បន្នទទួលបានកៅអីចំនួន ២០ ក្នុងចំណោម ៤៥០កៅអី នៅសភា Verkhovna Rada ។

សមាជិកសភាបានអះអាងថា ការផ្លាស់ប្តូរនៅក្នុងរដ្ឋាភិបាលអ៊ុយក្រែន​ នឹងត្រូវបានប្រកាសនៅក្នុង “សប្តាហ៍ដំបូងនៃខែកញ្ញា” ។ យោងតាមលោក Zheleznyak ស្ថានទូតអ៊ុយក្រែន នៅក្នុងរដ្ឋមួយចំនួនត្រូវបានជូនដំណឹង អំពីការរុះរើនាពេលខាងមុខនៅថ្ងៃពុធ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top