ក្រុងគៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន រក្សាសិទ្ធិដើម្បីងាកទៅរកអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា (WTO) ប្រសិនបើប្រទេសប៉ូឡូញ បន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននោះ ។
លោក Shmyhal បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឈ្មោះថា X ដែលពីមុនត្រូវបានគេស្គាល់ថា ជាបណ្តាញ Twitterថា “ក្នុងករណីមានការរំលោភច្បាប់ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍នយោបាយប្រជានិយមមុនការបោះឆ្នោត អ៊ុយក្រែន នឹងត្រូវបង្ខំឱ្យងាកទៅរកមជ្ឈត្តកម្មរបស់ WTO វិញ ដើម្បីទទួលបានសំណងសម្រាប់ការរំលោភលើបទដ្ឋាននៃកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម ហៅកាត់ (GATT)” ។
លោក Shmyhal បានថ្លែងថា អ៊ុយក្រែន កំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនស្ថិតនៅក្រោមកិច្ចព្រមព្រៀងសមាគមជាមួយសហភាពអឺរ៉ុប និងច្បាប់របស់អង្គការ WTO ដោយកត់សម្គាល់ថា អ៊ុយក្រែន មិនមានចេតនាធ្វើបាបកសិករប៉ូឡូញនោះទេ ។
នៅព្រឹកថ្ងៃដដែលនោះដែរ លោក Mateusz Morawiecki នាយករដ្ឋមន្ត្រីប៉ូឡូញ បានថ្លែងថា ប្រទេសរបស់លោកនឹងបន្តធ្វើការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដោយមិនគិតពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបលើបញ្ហានេះនោះទេ ។
គួររំលឹកថា កាលពីខែឧសភា គណៈកម្មការអឺរ៉ុប បានដាក់បម្រាមលើការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុប ចំនួន៥ ហើយការរឹតបន្តឹងនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា