ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិ ជំរុញឲ្យអាមេរិក បញ្ឈប់រាល់ទម្រង់ទំនាក់ទំនងយោធា ជាមួយកោះតៃវ៉ាន់

Xinhua

ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិន​ នៅថ្ងៃព្រហស្បតិ៍នេះ​ បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទម្រង់នៃទំនាក់ទំនង យោធាជាមួយតៃវ៉ាន់​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យលោក Tan Kefei បានធ្វើការកត់សម្គាល់ នៅពេលធ្វើអត្ថាធិប្បាយលើព័ត៌មាន អំពីអន្តរកម្មយោធានាពេលថ្មីៗនេះរបស់តៃវ៉ាន់​ ជាមួយសហរដ្ឋអាមេរិក រួមទាំងផែនការដែលបានរាយការណ៍ ដើម្បីទិញប្រព័ន្ធដាក់គ្រាប់មីន ពីសហរដ្ឋអាមេរិក។

លោក Tan បានលើកឡើងថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់​ ចំពោះសហរដ្ឋអាមេរិក​ ដែលធ្វើទំនាក់ទំនងផ្លូវការ ណាមួយជាមួយតំបន់តៃវ៉ាន់​ របស់ចិន និងលក់អាវុធឱ្យកោះនេះ” ។

លោកបានបន្ដថា ការឃុបឃិតគ្នារវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកនឹងបង្កអន្តរាយ ហើយថែមទាំងបំផ្លាញកោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថា ការពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិកដើម្បីស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” នឹងជំរុញឱ្យកោះតៃវ៉ាន់ឈានទៅរកសង្រ្គាមតែប៉ុណ្ណោះ។

លោកបានបន្ថែមថា កងទ័ពរំដោះប្រជាជនចិនតែងតែ មានការប្រុងប្រយ័ត្នខ្ពស់ ហើយនឹងកម្ចាត់ដាច់ខាតរាល់សកម្មភាព អបគមន៍ដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” និងការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅ ៕

ប្រែសម្រួល ឈូល បូរ៉ា

To Top