ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ វាយប្រហារភាគខាងលិច នៃប្រទេសឥណ្ឌា

រូបភាពពី៖​ XINHUA

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រភពផ្លូវការបានបញ្ជាក់កាលពីថ្ងៃចន្ទថា នៅក្នុងតំបន់ជាច្រើននៅក្នុងរដ្ឋ Gujarat ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា បាននិងកំពុងត្រូវបានមើលឃើញពីស្ថានភាពដូចទឹកជំនន់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរ ។

ទីក្រុង Bharuch គឺជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងក្លាបំផុតនៅក្នុងរដ្ឋខាងលើ ហើយនៅតំបន់មួយចំនួនក្នុងទីក្រុងនៅតែជន់លិច និងប្រជាជនប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរ ។

ប្រភពបានឲ្យដឹងទៀតថា នៅតំបន់ផ្សេងទៀតដែលប្រឈមនឹងស្ថានភាពដូចទឹកជំនន់នៅក្នុងរដ្ឋ រួមមាន Narmada និង រដ្ឋVadodara ។

ការធ្វើចរាចរណ៍ផ្លូវដែកត្រូវបានបង្កប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋ Gujarat ។ ប្រភពចេញពីផ្នែកផ្លូវដែករបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា ចរាចរណ៍រថភ្លើងនៅលើផ្លូវ Mumbai-Ahmedabad ត្រូវបានបញ្ឈប់តាំងពីថ្ងៃអាទិត្យ ដោយសារតែទន្លេ Narmada កំពុងហូរកាត់ពីលើ ដែលនេះជាសញ្ញាគ្រោះថ្នាក់រវាងស្ថានីយ៍ Bharuch និង Ankleshwar ។

នាយកដ្ឋានឧតុនិយមឥណ្ឌា ហៅកាត់ថា (IMD) បានឲ្យដឹងថា ទឹកភ្លៀងមានរហូតដល់២៤សង់ទីម៉ែត្រត្រូវបានកត់ត្រានៅក្នុងតំបន់ Godhra ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ហើយភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងនឹងបន្តនៅតំបន់ខ្លះនៃរដ្ឋនេះ យ៉ាងហោចណាស់រហូតដល់ថ្ងៃអង្គារនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top