ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ថា ខ្លួនវាយប្រហារទៅលើស្នាក់ការកណ្តាលកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ី

រូបភាពពី៖​ AFP

កៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ហៅកាត់ថា (AFU) បានបញ្ជាក់ថា ខ្លួនបានវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់កងនាវាចរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី នៅឧបទ្វីបគ្រីមៀ ។

នាយកទំនាក់ទំនងយុទ្ធសាស្ត្ររបស់ AFU បានលើកឡើងនៅក្នុងសារ Telegram ថា “កងកម្លាំងការពារជាតិរបស់ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមធ្វើការវាយប្រហារដោយទទួលបានជោគជ័យលើទីស្នាក់ការបញ្ជាការនៃកងនាវាចរសមុទ្រខ្មៅរបស់ប្រទេសបរុស្ស៊ី នៅក្នុងទីក្រុង Sevastopol ដែលកាន់កាប់ជាបណ្តោះអាសន្ននោះ” ។

នាយកទំនាក់ទំនងខាងលើបានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់ ម៉ោងនៅក្នុងស្រុក ត្រូវនឹងម៉ោង៩និង០០នាទីម៉ោងសកល ។

នៅព្រឹកថ្ងៃនោះដដែល ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា អគាររបស់ទីបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី នៅទីក្រុង Sevastopol ត្រូវបានខូចខាតក្នុងការវាយប្រហារដោយមីស៊ីលរបស់ប្រទេសអ៊ុយក្រែន ។

លោក Mikhail Razvozhayev អភិបាលតំបន់ បានលើកឡើងនៅក្នុងសារ Telegram ថា “សត្រូវបានវាយប្រហារដោយមីស៊ីលទៅលើទីបញ្ជាការកងនាវា ហើយបំណែកមួយបានធ្លាក់នៅជិតរោងមហោស្រព Lunacharsky” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top