ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ព្រមានឲ្យពលរដ្ឋឲ្យនៅឆ្ងាយ ក្រោយពីភ្នំភ្លើង ភ្នំភ្លើង Semeru បានផ្ទុះឡើង

រូបភាពពី៖​ XINHUA

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ ភ្នំភ្លើង Semeru ដែលស្ថិតនៅក្នុងខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើង ហើយអាជ្ញាធរនៅក្នុងតំបន់បានព្រមានដល់ប្រជាជនឱ្យនៅឆ្ងាយពីតំបន់នោះ ។

សារព័ត៌មាន Semeru Volcano Monitoring Post បានផ្សព្វផ្សាយថា ភ្នំភ្លើងនេះបានផ្ទុះនៅម៉ោង៩និង២៣នាទីព្រឹក ម៉ោងក្នុងស្រុក ដោយបញ្ចេញផេះក្តៅរហូតដល់៧០០ម៉ែត្រពីមាត់រណ្ដៅទៅភាគអាគ្នេយ៍ ។

លោក Yadi Yuliandi មន្ត្រីប្រចាំនៅប៉ុស្តិ៍ត្រួតពិនិត្យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “ការផ្ទុះភ្នំភ្លើងនេះបានបញ្ចេញផេះពណ៌ប្រផេះយាងក្រាស់ប៉ើងទៅលើឆ្ពោះទៅភាគអាគ្នេយ៍ និងភាគខាងត្បូង” ។

អាជ្ញាធរបានអំពាវនាវឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្ន ជាពិសេស ជៀសវាងតំបន់នៅភាគអាគ្នេយ៍របស់ខ្លួនឲ្យស្ថិតនៅចម្ងាយ១៣គីឡូម៉ែត្រ និងកាំ៥គីឡូម៉ែត្រជុំវិញកំពូលភ្នំនេះ ដើម្បីជៀសវាងការផ្ទុះមួយផ្សេងទៀត ។

គួររំលឹកថា ភ្នំភ្លើង Semeru ដែលមានកម្ពស់រហូតដល់៣.៦៧៦ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់ទី៣ គឺទាបជាងកម្រិតខ្ពស់បំផុតនៃភ្នំភ្លើងទី៤ ហើយការផ្ទុះរបស់វានៅក្នុងខែធ្នូ ឆ្នាំ២០២១បានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង និងបានឆក់យកជីវិតមនុស្សអស់ជាង៥០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top