ព័ត៌មានអន្តរជាតិ

Update៖ ប្រទេសធំៗចំនួន៣ សម្តែងការព្រួយបារម្ភអំពីទំនាក់ទំនង ផ្នែកយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី

រូបភាពពី៖​ AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសៅរ៍ទី២៣ ខែកញ្ញានេះថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងសមភាគីកូរ៉េខាងត្បូង និងជប៉ុនបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង រួមទាំងការជួញដូរអាវុធដែលអាចកើតមានផងដែរ ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken រដ្ឋមន្ត្រីការបរទេស និងកូរ៉េខាងត្បូងលោកស្រី Park Jin និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoko Kamikawa បានយល់ព្រមឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពណាមួយដែលគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ ដែលជាការរំលោភបំពានមកលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំខ្លីមួយកាលពីថ្ងៃសុក្រ ។

គេបានដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានមកធ្វើទស្សនកិច្ចរយៈពេល១សប្តាហ៍ទៅកាន់ប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាជាមួយលោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី ។

មន្ត្រីរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភថា ជំនួបកំពូលនេះមានគោលបំណងអនុញ្ញាតឱ្យរុស្ស៊ី ទទួលបានគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើង ដើម្បីបំពេញបន្ថែមភាគហ៊ុនដែលធ្លាក់ចុះសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ។

គួររំលឹកថា កាលពីថ្ងៃពុធ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា ប្រសិនបើ រុស្ស៊ី ជួយដល់កូរ៉េខាងជើង បង្កើនកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន នោះវានឹងជា “ការបង្កហេតុដោយផ្ទាល់” ហើយក្រុងសេអ៊ូល និងសម្ព័ន្ធមិត្តនឹងមិនឈរនៅស្ងៀមជាដាច់ខាត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top