ព័ត៌មានអន្តរជាតិ

សភាជប៉ុន គ្រោងនឹងបើកសម័យប្រជុំ វិសាមញ្ញ មួយនៅថ្ងៃទី២០ ខែតុលា

ប្រភព ៖ Kyodo

តូក្យូ៖ សភារបស់ប្រទេសជប៉ុន នឹងបើកសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃទី២០ ខែតុលា ដែលជាកិច្ចពិភាក្សាសភាលើកដំបូង សម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ចាប់តាំងពីការរុះរើរបស់ខ្លួនកាលពីដើមខែនេះ។

ការផ្តោតសំខាន់នៃសម័យប្រជុំ គឺថាតើសេចក្តីព្រាងថវិកាបន្ថែមនឹងត្រូវដាក់ជូនសភា ដើម្បីផ្តល់ថវិកាដល់កញ្ចប់សេដ្ឋកិច្ចថ្មី ដែលនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់នាពេលថ្មីៗនេះ ដោយមិនរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតភ្លាមៗ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក គីស៊ីដា បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងបញ្ជូនសេចក្តីព្រាងថវិកាបន្ថែមទៅសម័យប្រជុំ ដោយបន្ថែមថាជំរុំកាន់អំណាចនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការអនុវត្តជំហានជំរុញ និងដោះស្រាយបញ្ហាប្រឈមផ្សេងទៀត។

នៅពេលសួរអំពីលទ្ធភាពនៃការរំលាយសភា បានឲ្យដឹងថា “ខ្ញុំមិនគិតអំពីអ្វីក្រៅពីវិធានការសេដ្ឋកិច្ច និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងទៀត ដែលមិនអាចដកចេញបាន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ការសម្រេចចិត្តរបស់លោក គីស៊ីដា ក្នុងការដាក់ថវិកាបន្ថែមទៅសភាកាត់បន្ថយលទ្ធភាព ដែលលោកនឹងរំលាយសភាជាន់ទាបនៅពេលចាប់ផ្តើមសម័យប្រជុំនាពេលខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top