ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញ​ឱ្យ​អនុវត្ត​ឲ្យបាន​ហ្មត់ចត់ និង​ច្បាស់លាស់ ​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​អ៊ីរ៉ាក់

រូបភាពពី៖​ Tasnim

ប្រែសម្រួល ឈូក បូរ៉ា
តេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ម្នាក់កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិសុខព្រំដែនជាមួយអ៊ីរ៉ាក់ ក្នុងលក្ខណៈ “ហ្មត់ចត់ និងច្បាស់លាស់” ។

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Akbar Ahmadian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Qasim al-Araji នៅទីក្រុង Tehran ដែលក្នុងនោះពួកគេក៏បានពិភាក្សាអំពីបញ្ហាទ្វេភាគីផ្សេងទៀត។

លោក Ahmadian បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិសុខ ដែលបានចុះហត្ថលេខាកាលពីចុងខែមីនា ជួយធានាសន្តិសុខតាមបណ្តោយព្រំដែនរួមអ៊ីរ៉ង់-អ៊ីរ៉ាក់ និងបម្រើជាផែនទីបង្ហាញផ្លូវដ៏សមស្របមួយ សម្រាប់ការលុបបំបាត់ធាតុអសន្តិសុខនៅក្នុងប្រទេសទាំងពីរ និងក្នុងតំបន់។

ចំណែកមន្ត្រីអ៊ីរ៉ាក់វិញ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់គាត់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខ អ៊ីរ៉ាក់បានយល់ព្រមដកអាវុធក្រុមឃឺដ ដែលអ៊ីរ៉ង់ចាត់ទុកថាជា “ភេរវករ” និងមានមូលដ្ឋាននៅក្នុងតំបន់ឃឺឌីស្ថានរបស់ប្រទេសអារ៉ាប់ ហើយផ្លាស់ប្តូរទីតាំងពួកគេទៅកាន់ជំរំជំនួសដោយកាលបរិច្ឆេទផុតកំណត់នៃថ្ងៃទី១៩ ខែកញ្ញា៕

To Top