ព័ត៌មានអន្តរជាតិ

ថៃ ត្រៀមយន្តហោះ Airbus 340 មួយគ្រឿង និង យន្តហោះដឹកជញ្ជូន C-130 ចំនួន ៥គ្រឿង ដើម្បីជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីស្រាអែល

Photo: Wassana Nanuam

បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃចន្ទថា និយោជកបានរាយការណ៍ថា ពលករថៃចំនួន ១២ នាក់នៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់, ៩នាក់រងរបួស និង ១១នាក់ទៀតត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស ហើយពលករថៃចំនួន ១.០៩៩នាក់ នៅទីនោះចង់ចាកចេញ ហើយយន្តហោះកំពុងត្រូវបានរៀបចំ ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Kanchana Patarachoke បាននិយាយថា និយោជកក្នុងប្រទេសអ៊ីស្រាអែល បានរាយការណ៍ពីចំនួនអ្នកស្លាប់ដែលបានកើនឡើង។ អាជ្ញាធរថៃនៅតែបញ្ជាក់ឈ្មោះជនរងគ្រោះថៃ មុននឹងបញ្ជូនការបញ្ជាក់ដ៏សោកសៅនេះ ទៅសាច់ញាតិរបស់ពួកគេ ។

លោកស្រី Kanchana Patarachoke បានថ្លែងថា ពលករថៃចំនួន ១.០៩៩ នាក់នៅទីនោះបានបង្ហាញពី បំណងចង់ត្រឡប់ទៅប្រទេសថៃវិញ។ រដ្ឋាភិបាលកំពុងរៀបចំជម្លៀស ការធ្វើមាតុភូមិនិវត្តន៍ និងបណ្តាញសង្គ្រោះដើម្បីជួយពួកគេ និងអ្នកដែលត្រូវបានចាប់ពង្រត់។

មានជនជាតិថៃប្រហែល ៣០.០០០ នាក់ កំពុងធ្វើការនៅអ៊ីស្រាអែល ហើយប្រហែល ៥.០០០ នាក់ នៅក្បែរតំបន់ហ្គាហ្សាស្ទ្រីប។

កងទ័ពអាកាសថៃ បានរៀបចំយន្តហោះដឹកជញ្ជូន រួមមានយន្តហោះប្រភេទ Airbus 340 និង យន្តហោះដឹកជញ្ជូន C-130 ចំនួន ៥គ្រឿង សម្រាប់ធ្វើមាតុភូមិនិវត្តន៍របស់ពលករថៃពីអ៊ីស្រាអែល។ ប្រភពបាននិយាយថា រដ្ឋាភិបាលក៏នឹងរៀបចំឱ្យមាន ជើងហោះហើរពិសេសផងដែរ ប្រសិនបើចាំបាច់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top