ព័ត៌មានអន្តរជាតិ

លោក Erdogan ត្រៀមខ្លួន ដើម្បីជួយសម្របសម្រួល ជម្លោះ អ៊ីស្រាអែល និងប៉ាឡេស្ទីន

Global Look Press

បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ការព្យាយាមដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា តាមរយៈមធ្យោបាយយោធា នឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរងទុក្ខ របស់ប្រជាជន និងបង្កឱ្យមាន ការកើនឡើងនៃអំពើហិង្សា នៅក្នុងតំបន់ប៉ុណ្ណោះ ។

យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក៏បានស្នើឱ្យទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនជៀសវាងការបង្ហូរឈាមបន្ថែមទៀត ហើយបានប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង ការទូតរបស់ខ្លួន ដើម្បីស្ដារភាពស្ងប់ស្ងាត់នៅក្នុងតំបន់។

លោក Erdogan បានសរសេរនៅក្នុង សេចក្តីថ្លែងការណ៍ដ៏វែងមួយនៅលើ X ដែលពីមុនត្រូវបាន គេស្គាល់ថា Twitterថា ៖ប្រទេសតួគីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសម្រុះសម្រួលគ្រប់ប្រភេទ រួមទាំងការផ្លាស់ប្តូរអ្នកទោស ប្រសិនបើភាគីទាំងពីរស្នើសុំការងារនេះ។

ប្រធានាធិបតីតួកគី បានធ្វើសេចក្តីថ្លែងការណ៍ របស់គាត់បន្ទាប់ពីការសន្ទនា តាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog និងពិភាក្សាជាមួយមេដឹកនាំ អារ៉ាប់ជាច្រើន រួមទាំងប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas និងនាយករដ្ឋមន្ត្រីលីបង់ Najib Mikati ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top