ព័ត៌មានអន្តរជាតិ

លោក បៃដិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច ​នៅ​​​អ៊ីស្រាអែល​ នៅថ្ងៃស្អែក ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត ​ផ្នែក​សន្តិសុខ​របស់​​អាមេរិក​

ប្រភព ៖ Kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃពុធស្អែកនេះ ដើម្បីជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសន្តិសុខរបស់ខ្លួន។

លោក Blinken បានធ្វើសេចក្តីប្រកាស បន្ទាប់ពីកិច្ចចរចាជាច្រើនម៉ោងជាមួយលោក ណេតាន់យ៉ាហ៊ូ ក្នុងប្រទេសអ៊ីស្រាអែល ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងថា សង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាស អាចប្រែទៅជាជម្លោះកាន់តែទូលំទូលាយ និងយូរជាងនេះ។

លោក Blinken បានប្រាប់សារព័ត៌មានថា “ប្រធានាធិបតីលោក បៃដិន នឹងបញ្ជាក់ជាថ្មីម្តងទៀត ដូចដែលលោក បានធ្វើយ៉ាងច្បាស់លាស់ ចាប់តាំងពីការសម្លាប់របស់ពួកហាម៉ាស លើមនុស្សជាង ១,៤០០នាក់ រួមទាំងជនជាតិអាមេរិកយ៉ាងតិច ៣០នាក់ ថាអ៊ីស្រាអែល មានសិទ្ធិ និងពិតជាកាតព្វកិច្ច ដើម្បីការពារប្រជាជន របស់ខ្លួនពីក្រុមហាម៉ាស និងភេរវករផ្សេងទៀត និងដើម្បីការពារ ការវាយប្រហារនាពេលអនាគត” ។

លោក Blinken បានលើកឡើងថា “លោក បៃដិន ក៏នឹងផ្ញើសារដ៏រឹងមាំ របស់យើង ទៅកាន់តួអង្គណាមួយ រដ្ឋ ឬមិនមែនរដ្ឋ ដោយព្យាយាមទាញ យកប្រយោជន៍ពីវិបត្តិនេះ ដើម្បីវាយប្រហារអ៊ីស្រាអែល” និងស្តាប់ពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក អំពី “គោលបំណង និងយុទ្ធសាស្ត្រសង្រ្គាម” រួមទាំងរបៀបដែលវានឹង កាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងបើកជំនួយមនុស្សធម៌៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top