ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល លើព្រះវិហារមួយកន្លែង នៅតំបន់ហ្គាហ្សា

រូបភាព៖ Xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើព្រះវិហារមួយកន្លែងនៅតំបន់ហ្គាហ្សា ដែលផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានផ្លាស់ទីលំនៅ។

លោក Kanaani បានឲ្យដឹងនៅក្នុងការបង្ហោះ នៅលើវេទិកាសង្គម X ថាលោកសោកស្តាយដែលការវាយប្រហារនេះ បាននាំឱ្យមានការស្លាប់ និងរបួសរបស់ជនស៊ីវិលរាប់សិបនាក់ ដោយបានរិះគន់ថាវាជា “ទំព័រដ៏អាប់អួរ និងគួរឱ្យអាម៉ាស់ មួយផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រ ដ៏យូរលង់នៃឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល” ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា “ការវាយឆ្មក់ឆ្កួតៗ” បង្ហាញថា អ៊ីស្រាអែលមិនគោរពតាមគោលការណ៍ និងតម្លៃរបស់មនុស្ស សីលធម៌ និងសាសនា ឬច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិណាមួយឡើយ។

លោកក៏បានស្តីបន្ទោស ស្ថានភាពបច្ចុប្បន្ន ទៅលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប មួយចំនួន ដែលគាំទ្រអ៊ីស្រាអែល “ដោយឥតលាក់លៀម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល បានវាយប្រហារលើព្រះវិហារ Saint Porphyrius ក្នុងតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់គ្រីស្ទាន ប៉ាឡេស្ទីន យ៉ាងតិច ១៨នាក់។

ការអត្ថាធិប្បាយលើការវាយប្រហារនេះ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា យន្តហោះចម្បាំងរបស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ បានកំណត់គោលដៅ លើមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងដែលជាកម្មសិទ្ធិ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដោយបានបង្កការខូចខាតដល់ព្រះវិហារក្បែរនោះ និងបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិត៕

To Top