ព័ត៌មានអន្តរជាតិ

កាសែត New York Times ៖ អាមេរិកបារម្ភថា អ៊ីស្រាអែល គ្មានផែនការច្បាស់លាស់ លើការឈ្លានពានចូលហ្គាហ្សា

ប្រភព ៖ AFP

បរទេស៖ មន្ត្រីអាមេរិក បានសម្តែងការព្រួយបារម្ភថា អ៊ីស្រាអែលមិនមានផែនការ ដែលអាចដំណើរការ បានសម្រាប់ការបញ្ជូន កងកម្លាំងជើងគោក ទៅកាន់តំបន់ហ្គាហ្សា ហើយកំពុងចោទសួរថាតើ កងកម្លាំងការពារអ៊ីស្រាអែល អាចសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការកម្ទេចក្រុមសកម្ម ប្រយុទ្ធហាម៉ាសដែរឬទេ, នេះបើយោងតាមកាសែត New York Times ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការពិភាក្សា នាពេលថ្មីៗនេះ ជាមួយសមភាគីអ៊ីស្រាអែល លោក Yoav Gallant, រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ “ការពិចារណាយ៉ាងប្រុងប្រយ័ត្ន” មុនពេលចាប់ផ្តើមយុទ្ធនាការដីគោក នៅក្នុងទឹកដីដែលមានប្រជាជន រស់នៅយ៉ាងក្រាស់ក្រែលនេះ, នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃចន្ទ ។

កាសែតបានសរសេរថា “រដ្ឋបាល [សហរដ្ឋអាមេរិក] ក៏មានការព្រួយ បារម្ភផងដែរ… ថាកងកម្លាំងការពារអ៊ីស្រាអែល មិនទាន់មានផ្លូវយោធាច្បាស់លាស់ដើម្បីសម្រេចបាននូវគោលដៅ របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការលុបបំបាត់ក្រុមហាម៉ាស់” ដោយបន្ថែមថា “នៅក្នុងការសន្ទនាជាមួយមន្ត្រីអ៊ីស្រាអែលចាប់តាំងពីក្រុមហាម៉ាស វាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ក្រុមមន្ត្រីអាមេរិក បាននិយាយថា ពួកគេមិនទាន់ឃើញផែនការ សកម្មភាពដែលអាចសម្រេច បាននៅឡើយទេ។

ទោះបីជាសេតវិមាន បានអះអាងថា មន្ត្រីអាមេរិកមិនធ្វើការសម្រេចចិត្ត ក្នុងនាមអ៊ីស្រាអែលក៏ដោយ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បានបញ្ជូនទាហាន ម៉ារីនផ្កាយបី ឧត្តមសេនីយ៍ James Glynn ឱ្យផ្តល់ដំបូន្មានដល់កងកម្លាំង ការពារអ៊ីស្រាអែល (IDF) លើប្រតិបត្តិការទីក្រុង។ មន្ត្រីរូបនេះពីមុនបានដឹកនាំប្រតិបត្តិករពិសេស របស់សហរដ្ឋអាមេរិក ដែលមានភារកិច្ចប្រយុទ្ធជាមួយរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) ហើយមុនពេលនោះបម្រើការ នៅទីក្រុង Fallujah ប្រទេសអ៊ីរ៉ាក់ ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លាបំផុត បន្ទាប់ពីការលុកលុយ របស់សហរដ្ឋអាមេរិកឆ្នាំ ២០០៣៕
ប្រែសម្រួលៈ ណៃ តុលា

To Top