ព័ត៌មានអន្តរជាតិ

Update៖ UN បញ្ជាក់ថា ចំនួនអ្នកជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សា កើនឡើង ខណៈវិបត្តិមនុស្សធម៌ឈានដល់ចំណុច គួរឲ្យព្រួយបារម្ភ

រូបភាពពី៖​ XINHUA

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងកាលពីថ្ងៃពុធថា វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា បានឈានដល់ចំណុចដែលមិនធ្លាប់មានពីមុនមកនោះទេ ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ ហៅថា UNRWA ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា បានព្រមានយ៉ាងដូច្នេះថា ទីភ្នាក់ងារនេះនឹងត្រូវបង្ខំចិត្តឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅពេលយប់ថ្ងៃពុធ លើកលែងតែប្រេងឥន្ធនៈត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្គាហ្សាភ្លាមៗ ។

មន្ទីរពេទ្យនានាកំពុងបិទទ្វារ ដោយសារពួកគេខ្វះប្រេងឥន្ធនៈ ទឹក ការផ្គត់ផ្គង់ពេទ្យ និងបុគ្គលិក ។ ឥន្ធនៈកំពុងត្រូវបានកំណត់យ៉ាងធ្ងន់ធ្ងរសម្រាប់ចំនួនគ្រឿងបរិក្ខារសំខាន់ៗដែលបានជ្រើសរើស ។ ការិយាល័យ OCHA បានឲ្យដឹងថា ម៉ាស៊ីនភ្លើងបម្រុងទុកមិនត្រូវបានរៀបចំឡើងសម្រាប់ប្រតិបត្តិការបន្តទេ ។

គួររំលឹកថា កាលពីថ្ងៃអង្គារ បុគ្គលិកអង្គការសហប្រជាជាតិបានទៅពិនិត្យមន្ទីរពេទ្យ ។ នៅក្នុងមន្ទីរពេទ្យមួយ ពួកគេបានកត់សម្គាល់ឃើញអ្នករបួសរាប់រយនាក់ទាំងបុរស ស្ត្រី និងកុមារ ។ មនុស្សជាច្រើននាក់បានសន្លប់ដោយមានរបួសធ្ងន់ធ្ងរ ហើយដេកនៅលើគ្រែ ពូក និងខ្លះនៅលើកម្រាលឥដ្ឋ ដោយមានការចូលរួមពិនិត្យពីគ្រូពេទ្យនៅមានកម្រិត ។ នៅក្នុងទីធ្លានោះមានតង់មួយដែលមានសាកសពរាប់សិបនាក់ រួមទាំងកុមារផងដែរ ។ អ្នកស្លាប់ជាច្រើននាក់ត្រូវបានរក្សាទុកនៅទីនោះ ដោយសារតែកន្លែងតម្កល់សពពេញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top