ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការប្រាស្រ័យទាក់ទង នៃសង្គមស៊ីវិលជាកម្លាំងចលករមិនចេះអស់ សម្រាប់ជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក

ប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្លាឃ្មុំផេនដារបស់ប្រទេសចិនចំនួនពីរក្បាលឈ្មោះ “Meixiang” និង“Tiantian” ដែលស្នាក់នៅសហរដ្ឋអាមេរិកបាននាំកូនរបស់ពួកវាដែលឈ្មោះ“Xiaoqiji”ត្រឡប់ទៅប្រទេសចិនវិញ ។
មុននឹងចេញដំណើរ ប្រជាជនអាមេរិកជាច្រើនបានទៅជូនដំណើរ ហើយរំពឹងថា នឹងមានខ្លាឃ្មុំចិនថ្មីត្រូវជូនទៅកាន់សហរដ្ឋអាមេរិកនៅពេលអនាគត ។ យប់ថ្ងៃទី១៥ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ ពេលអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចដែលរៀបចំដោយសមាគមមិត្តភាពអាមេរិកនៅក្រុង San Francisco លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងអំពីរឿងនេះថា រីករាយបន្តធ្វើកិច្ចសហប្រតិបត្តិការខាងការងារអភិរក្សខ្លាឃ្មុំចិនជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនមនោសញ្ចេតនាដ៏មេត្រីភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរ ។

ពីអតីតកាលក្នុងប្រវត្តិសាស្ត្ររហូតដល់ពេលបច្ចុប្បន្ននេះ ការប្រាស្រ័យទាក់ទងនៃសង្គមស៊ីវិលជាកម្លាំងចលករមិនចេះអស់សម្រាប់ជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកជាប់រហូតមក ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកក៏បានឈានដល់ច្រកដ៏គន្លឹះមួយ ។ ដោយឈរលើទស្សនៈមិនត្រឹមត្រូវអំពីប្រទេសចិន-អាមេរិកបានអនុវត្តគោលនយោបាយខុសឆ្គងទៅលើប្រទេសចិន បណ្តាលឱ្យទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងកម្រិតទាបចាប់ពីបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរមក ។

“ខណៈពេលមានភាពកាន់តែលំបាក ក៏កាន់តែត្រូវរឹតចំណងមិត្តភាពរវាងប្រជាជនឱ្យមានភាពស្អិតល្មួតនិងបង្កើនការតភ្ជាប់ដួងចិត្តរវាងប្រជាជន ។”ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋានរបស់អាមេរិក ដូចជា លោក Bill Gates សហប្រធានមូលនិធិ Bill & Melinda Gates របស់សហរដ្ឋអាមេរិក និងលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកជាដើម បានផ្ញើសារលិខិតអបអរសាទរជូនចំពោះវេទិកាចំណងមិត្តភាពស៊ីវិលរវាងចិន-អាមេរិក Bond with Kuliang បានឆ្លើយតបសំបុត្រទៅកាន់មូលនិធិបេតិកភ័ណ្ឌអាកាសចរណ៍អាមេរិក-ចិននិងទាហានចាស់នៃក្រុមខ្លាហោះរបស់អាមេរិក ក៏ដូចជាបានឆ្លើយតបសំបុត្រទៅកាន់លោក Matias Tarnopolsky អគ្គនាយកនិងជានាយកប្រតិបតិ្តរបស់ក្រុមតន្ត្រី Philadelphia Orchestra ជាដើម ។ កិច្ចសន្ទនានីមួយៗ និងសំបុត្រនីមួយៗបានសាបព្រោះក្តីសង្ឃឹមកាន់តែច្រើនក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក ។

បើចង់ធ្វើឱ្យប្រជាជនមានប្រាស្រ័យទាក់ទង មុនដំបូងគួរតែមានផ្លូវទៅមកដ៏ស្រួលរលូន ។ ក្នុងកិច្ចសន្ទនាលើកនេះ មេដឹកនាំចិននិងសហរដ្ឋអាមេរិកបានឈានដល់គំនិតឯកភាពរួម ប្រទេសទាំងពីរនឹងដាក់ចេញវិធានការកាន់តែច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទៅមករវាងមនុស្សនិងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

វិធានការទាំងនេះរួមមានការបន្ថែមជើងយន្តហោះថែមមួយកម្រិតទៀតនៅដើមឆ្នាំក្រោយ រៀបចំធ្វើកិច្ចសន្ទនាជាន់ខ្ពស់លើវិស័យទេសចរណ៍រវាងចិន និងសហរដ្ឋអាមេរិក និងកែលម្អរបៀបវារៈធ្វើទិដ្ឋការជាដើម ។
ប្រជាជនចិននិងអាមេរិកធ្វើការប្រាស្រ័យទាក់ទងជាមួយគ្នា ត្រូវតែស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា ក៏ដូចជាត្រូវបន្ថែមបញ្ជីរាយឈ្មោះកិច្ចសហប្រតិបត្តិការទៀតផង ។ ពិតមែនតែនៅពេលមុននេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឃោសនាបំប៉ោងអំពី “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់”និង “លុបចោលហានិភ័យ” ក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងសង្គមស៊ីវិលរវាងចិននិងសហរដ្ឋអាមេរិក បានរក្សាភាពខ្លាំងក្លាដដែល ។

នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មចិន-អាមេរិកបានឡើងដល់៧សែន៥ម៉ឺន៩ពាន់៤រយ៣០លានដុល្លារអាមេរិក ដែលបានកើនឡើង០,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយបានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រ ។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ដែលបានបិទបញ្ចប់នៅពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានចាត់បញ្ជូនគណៈប្រតិភូចូលរួមពិព័រណ៍ដែលមានទ្រង់ទ្រាយធំបំផុត ។ ក្នុងចំណោមសហគ្រាសបរទេសដែលបានចុះឈ្មោះសុំចូលរួមពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិដែលជិតនឹងបើកធ្វើនោះ មានសហគ្រាសសហរដ្ឋអាមេរិកច្រើនបំផុត ។

ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជា “ថ្នាំបិទ”នៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ហើយក៏បានបង្កើតស្ពានដួងចិត្តរវាងប្រជាជនចិននិងសហរដ្ឋអាមេរិកផងដែរ ។ ពីមហោស្រពតន្ត្រីអបអរសាទរគម្រប់ខួប៥០ឆ្នាំនៃការបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់ក្រុមតន្ត្រី Philadelphia Orchestra ដល់ដើមឈើលីវសានសហស្សវត្សរ៍ដែលបានបង្ហាញពី “មនោសញ្ចេតនា Kuling រវាងចិននិងសហរដ្ឋអាមេរិក” “ការប្រាស្រ័យទាក់ទងខាងវប្បធម៌”ធ្វើឱ្យប្រជាជនចិននិងសហរដ្ឋអាមេរិក ជាពិសេសគឺយុវជនយល់ដឹងគ្នាកាន់តែស៊ីជម្រៅ ។ ដោយឡែកក្នុងកិច្ចសន្ទនាលើកនេះ ប្រទេសចិនបានប្រកាសថា ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នឹងអញ្ជើញក្មេងជំទង់និងយុវជនសហរដ្ឋអាមេរិកចំនួន៥ម៉ឺននាក់ទៅកាន់ប្រទេសចិនធ្វើការផ្លាស់ប្តូរនិងរៀនសូត្រ ។

“ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក គឺស្ថិតនៅប្រជាជន មានមូលដ្ឋានក្នុងសង្គមស៊ីវិល មានអនាគតនៅត្រង់យុវជន ហើយមានភាពរស់រវើកនៅក្នុងតំបន់ ។” ក្រុង San Francisco ជាសក្សីនៃប្រវត្តិសាស្ត្រការប្រាស្រ័យទាក់ទងរវាងប្រជាជនចិននិងសហរដ្ឋអាមេរិក បច្ចុប្បន្ននេះ ក៏ជាសក្សីនៃទីចាប់ផ្តើមថ្មីរបស់ការប្រាស្រ័យទាក់ទងសង្គមស៊ីវិលរវាងចិននិងសហរដ្ឋអាមេរិកផងដែរដែរ ។ ការចេញដំណើរជាថ្មីម្តងទៀតពីក្រុង San Francisco ប្រជាជនកាន់តែច្រើនឡើងៗបាននិងកំពុងជំរុញនិងផ្តល់ការគាំទ្រដល់ការរីកចម្រើននៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ។ នេះជាកម្លាំងដ៏រឹងមាំបំផុតក្នុងការកែលម្អទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកហ្នឹងឯង ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top