ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីរ៉ង់ តាមដាន និងកំណត់អត្តសញ្ញាណនាវាផ្ទុកយន្តហោះអាមេរិក នៅក្នុងដែនទឹកក្នុងតំបន់

AFP

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ផ្លូវការ IRNA បានរាយការណ៍​ថា កងទ័ពអ៊ីរ៉ង់ បានតាមដាន និងកំណត់អត្តសញ្ញាណនាវា ផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រ Aden និងសមុទ្រអូម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រព័ន្ធស៊ើបការណ៍សម្ងាត់ នៃកងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានតាមដាន និងកំណត់អត្តសញ្ញាណនាវាផ្ទុកយន្តហោះ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ជាមួយកងកម្លាំងទ័ពជើងទឹករបស់កងទ័ព ហើយអរគុណ ចំពោះការគ្រប់គ្រងពេញលេញរបស់ពួកគេ នៅលើច្រកសមុទ្រ Hormuz” ។

របាយការណ៍បានដកស្រង់សម្តី មេបញ្ជាការ និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដែល​បានឲ្យដឹងថា វត្តមានរបស់នាវាផ្ទុកយន្តហោះ អាមេរិកនៅក្នុងដែនទឹកក្នុងតំបន់ នឹងមិនជួយកែលម្អសន្តិសុខ ក្នុងតំបន់នោះទេ ក្រៅតែពីបង្កភាពតានតឹង និងអសន្តិសុខ។

ពួកគេបានឲ្យដឹងថា ប្រទេសក្នុងតំបន់អាចធានាសន្តិសុខ ក្នុងតំបន់ដោយគ្មានការជ្រៀត ជ្រែកពីជនបរទេស ហើយវត្តមាន របស់សហរដ្ឋអាមេរិក មិនចាំបាច់នោះទេ ។

ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យថា នាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower បានធ្វើដំណើរឆ្លង កាត់ច្រកសមុទ្រ Hormuz ហើយនឹងល្បាតផ្លូវទឹកយុទ្ធសាស្ត្រ “ដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៍”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top