ព័ត៌មានអន្តរជាតិ

ហូឡង់ សន្យាគាំទ្រ ចំពោះការចូល ជាសមាជិកសហភាព អឺរ៉ុប របស់អ៊ុយក្រែន

AFP

គៀវ៖ ក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការ បរទេសហូឡង់ លោកស្រី Hanke Bruins Slot កាលពីថ្ងៃអង្គារបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី និង រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba ដោយបានសន្យាគាំទ្របន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែង របស់អ៊ុយក្រែន ឆ្ពោះទៅរកការធ្វើសមាហរណកម្ម ទៅក្នុងសហភាពអឺរ៉ុប ។

បន្ទាប់ពីកិច្ចពិភាក្សាជាមួយ Kuleba លោកស្រី Slot បានលើកឡើងថា ទីក្រុងគៀវ បានធ្វើឱ្យមានការវិវឌ្ឍន៍នៅក្នុងកំណែទម្រង់ដែលតម្រូវដោយអឺរ៉ុប និងបានសម្តែងការគាំទ្រ សម្រាប់ការចាប់ផ្តើមកិច្ចចរចាសមាជិកភាពរវាងអ៊ុយក្រែន និងប្លុកនេះ។

លោកស្រីបន្ដថា “យើងមានអាកប្បកិរិយាវិជ្ជមាន ចំពោះអនុសាសន៍របស់គណៈកម្មការអឺរ៉ុប ទាក់ទងនឹងការបើកការចរចាសមាជិកភាពជាមួយអ៊ុយក្រែន ពីព្រោះអនាគតរបស់អ្នកនៅជាមួយយើង” ។

លោកស្រីបន្ថែមថា ហូឡង់ នឹងឈរជាមួយអ៊ុយក្រែន “ពេញមួយដំណើរ ការទាំងមូល” ដោយកត់សម្គាល់ថា ប្រទេសរបស់លោកស្រីគ្រោង នឹងផ្តល់ប្រាក់ចំនួន ២,៥ពាន់លានអឺរ៉ូ (ប្រហែល ២,៧ ពាន់លានដុល្លារអាមេរិក) សម្រាប់គាំទ្រដល់ទីក្រុងគៀវ នៅឆ្នាំក្រោយ។

ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក ហ្សេឡិនស្គី លោកស្រី Slot បានពិភាក្សាអំពីការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំនៅខែធ្នូ នៃក្រុមប្រឹក្សាអឺរ៉ុប ដែលនឹងសម្រេចថា តើត្រូវបើកកិច្ចចរចា ចូលជាសមាជិកជាមួយ អ៊ុយក្រែនដែរឬទេ។

នៅក្នុងនោះដែរលោក ហ្សេឡិនស្គី និងលោកស្រី Slot ក៏បានពិភាក្សាអំពីស្ថានភាពនៅជួរមុខ ក្នុងប្រទេសអ៊ុយក្រែន មុខងារជំនួស “ច្រករបៀងគ្រាប់ធញ្ញជាតិ” ការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ក៏ដូចជាការបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន នៅលើយន្តហោះចម្បាំង F-16 ដោយមានការគាំទ្រ ពីប្រទេសហូឡង់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top