គៀវ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា លោក Nikolay Gorbachov ប្រធានសមាគមគ្រាប់ធញ្ញជាតិអ៊ុយក្រែន ហៅកាត់ថា (UGA) បានលើកឡើង កាលពីថ្ងៃពុធថា ប្រទេស អ៊ុយក្រែន មានសក្តានុពលក្នុងការនាំចេញ ដំណាំចំនួន៥០លានតោន ពីការប្រមូលផលនៅក្នុងឆ្នាំនេះ ។
លោក Gorbachov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ សារព័ត៌មាន Interfax-Ukraine ថាយ៉ាងដូច្នេះ “ខ្ញុំគិតថា វានឹងអាចធ្វើទៅបាន តាមលក្ខណៈបច្ចេកទេសក្នុង ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងដំណាំប្រេង ចំនួន៥០លានតោនទៅកាន់ទីផ្សារបរទេស” ។
លោកបានលើកឡើងទៀតថា ប្រទេស អ៊ុយក្រែន ក៏ត្រូវបានគេរំពឹងថា នឹងនាំចេញប្រេង បន្លែ និងអាហារប្រហែល១០លានតោន ដែលផលិតពីដំណាំនៅក្នុងឆ្នាំនេះ ។
លោក Gorbachev បានលើកឡើងថា ប្រទេសអ៊ុយក្រែន មានសមត្ថភាពដឹកជញ្ជូន ទៅក្រៅប្រទេសប្រហែល៦លានតោនក្នុង១ខែ ដោយបានប៉ាន់ប្រមាណសក្តានុពល នៃច្រករបៀងគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅ ជំនួសនៅចន្លោះពី៣ទៅ៤លានតោន ។
បើយោងតាម UGA បានឱ្យដឹងថា ប្រទេសអ៊ុយក្រែន បាននាំ ចេញគ្រាប់ធញ្ញជាតិ និងដំណាំយកគ្រាប់ចម្រាញ់ ជាប្រេងប្រហែល៥៨លានតោន ក្នុងឆ្នាំទីផ្សារ២០២២ដល់២០២៣ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ។
សមាគមខាងលើបានរំពឹងទុកថា ការប្រមូលផលគ្រាប់ធញ្ញជាតិ និងគ្រាប់ដំណាំយកប្រេងរួមគ្នា របស់ប្រទេសនេះនឹងកើនដល់៨១លានតោននៅក្នុឆ្នាំនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា