ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រយ៉ាងហោចណាស់មនុស្សចំនួន៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងអគ្គីភ័យដ៏សន្ធោសន្ធៅមួយនៅរដ្ឋ Maharashtra ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា ។
កាលពីរសៀលថ្ងៃសុក្រ អគ្គីភ័យបានឆាបឆេះនៅខាងក្នុងរោងចក្រផលិតទៀន នៅតំបន់ Pimpri Chinchwad នៃស្រុក Pune ចម្ងាយប្រហែល១៤០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Mumbai រដ្ឋធានី Maharashtra ។
ជនរងគ្រោះដែលភាគច្រើនជាស្ត្រីត្រូវបានគេស្គាល់អត្តសញ្ញាណជាកម្មករបម្រើការនៅក្នុងរោងចក្រនោះ ។
សម្ភារៈដែលឆេះនៅខាងក្នុងរោងចក្របានបង្កឱ្យមានអគ្គិភ័យឆាបឆេះកាន់តែខ្លាំងឡើងៗ ហើយត្រូវប្រើពេលជាង១ម៉ោង ទើបរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើងឲ្យរលត់វិញ ។
គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ។
គេបានដឹងថា ឱកាសនៃអគ្គីភ័យនៅក្នុងរោងចក្រនៅក្នុងប្រទេសឥណ្ឌា ជាធម្មតាមានកម្រិតខ្ពស់ ដោយសារពលរដ្ឋជារឿយៗមិនសូវអើពើគោរពតាមស្តង់ដារសុវត្ថិភាពដែលពាក់ព័ន្ធ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា