ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរុស្ស៊ី និងវេណេស៊ុយអេឡា ផ្លាស់ប្តូរទស្សនៈ ស្តីពីការបង្កើតសណ្តាប់ធ្នាប់ ពិភពលោកដោយយុត្តិធម៌

AFP

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីវ៉េណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញពីមូលដ្ឋានរួមគ្នាលើការ បង្កើតសណ្តាប់ធ្នាប់ពិភពលោកដោយ យុត្តិធម៌ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ក្នុងអំឡុងពេលផ្លាស់ប្តូរទស្សនៈ លើរបៀបវារៈអន្តរជាតិ ការសង្កត់ធ្ងន់មួយត្រូវបានដាក់លើ វិធីសាស្រ្តរួមនៃការបង្កើតសណ្តាប់ធ្នាប់ ពិភពលោកពហុប៉ូឡាដោយយុត្តិធម៌ ស្តីពីការបដិសេធទណ្ឌកម្មខុសច្បាប់ និងការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងនៃប្រទេសនានា”។

ថ្លែងតាមទូរស័ព្ទ មេដឹកនាំនៃប្រទេសវេណេហ្ស៊ុយអេឡា និងរុស្ស៊ី “បានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ក៏ដូចជាភាពជាបងប្អូនដ៏ស៊ីជម្រៅ ដែលបង្ហាញពីភាពជាដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ”។

ក្នុងអំឡុងពេលសន្ទនា ប្រធានាធិបតីទាំងពីរបានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីទាក់ទងនឹងថាមពល ពាណិជ្ជកម្ម និងការវិនិយោគ វប្បធម៌ និងបញ្ហាមនុស្សធម៌ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា ក្នុងអំឡុងពេលសន្ទនារបស់មេដឹកនាំ “ការអញ្ជើញប្រធានាធិបតីវេណេហ្ស៊ុយអេឡា មកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០២៤ ត្រូវបានបញ្ជាក់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top