ព័ត៌មានអន្តរជាតិ

ការវាយប្រហារ តាមអាកាសរបស់​អាមេរិក និងអង់គ្លេសនៅយេម៉ែន បង្ហាញពីការបែងចែកតួកគី និងលោកខាងលិច

AFP

អង់ការ៉ា ៖ អ្នកជំនាញបានឲ្យដឹងថា ការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក-អង់គ្លេស ប្រឆាំងនឹងទីតាំងរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន បានបង្ហាញពីការបែងចែកថ្មីរវាងតួកគី និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បន្ទាប់ពីមានវិបត្តិតំបន់ហ្គាហ្សា ខណៈដែលទីក្រុងអង់ការ៉ា ភ័យខ្លាចការកើនឡើង នៃភាពតានតឹងក្នុងតំបន់។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan គឺជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះការវាយប្រហារ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍។ នៅថ្ងៃបន្ទាប់ លោកបានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា ការវាយប្រហារតាមអាកាស នឹងប្រែក្លាយសមុទ្រក្រហមទៅជា “បង្ហូរឈាម”។

មេដឹកនាំតួកគីក៏បានថ្កោលទោស ការវាយប្រហារតាមអាកាសលើក្រុម Houthis ថាជា “ការប្រើប្រាស់កម្លាំងមិនសមាមាត្រ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាចិនស៊ិនហួ។

ក្រុម Houthi អះអាង​ថា​កំពុង​កំណត់​គោលដៅ ​លើ​នាវា​ដែល​មាន​ ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​តំបន់ហ្គាហ្សាស្រ្ទីប ។

ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិតំបន់ហ្គាហ្សា ក្នុងខែតុលាឆ្នាំមុន​ សមាជិកណាតូបានសម្តែងការព្រួយបារម្ភអំពីការរីករាលដាលនៃជម្លោះ ហើយបានរិះគន់យ៉ាងចាស់ដៃ ចំពោះសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចំពោះការគាំទ្រសកម្មភាពយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន។

លោក Oytun Orhan អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រមជ្ឈិមបូព៌ា (ORSAM) នៅទីក្រុងអង់ការ៉ា បានឲ្យដឹងថា ការវាយប្រហារតាមអាកាស បានបន្ថែមប្រេងលើភ្លើង និងធ្វើឱ្យ “វិបត្តិទំនុកចិត្តរវាងទីក្រុងអង់ការ៉ា និងវ៉ាស៊ីនតោន កាន់តែធ្ងន់ធ្ងរ” ។

លោកបានលើកឡើងថា “ការរិះគន់របស់លោក Erdogan លើការវាយប្រហារមិនគួរត្រូវបានគេមើលឃើញថា ជាការគាំទ្រដល់សកម្មភាពរបស់ក្រុម Houthi ដែលតួកគី មិនអត់ទោសនោះទេ ប៉ុន្តែជាការរិះគន់លើសកម្មភាពយោធាអាមេរិក នៅមជ្ឈិមបូព៌ា។

លោក Erdogan ដែលគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ ដែលកំពុងកាន់អំណាច (AKP) ត្រូវបានគេស្គាល់ថា សម្រាប់ការគាំទ្ររបស់ខ្លួន ចំពោះបុព្វហេតុ ប៉ាឡេស្ទីន បានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះផលវិបាកមនុស្សធម៌ដែលប្រតិបត្តិការយោធារបស់ខ្លួន បានបង្កឡើង នៅក្នុងតំបន់ហ្គាហ្សា និងបានចូលរួមក្នុងសង្គ្រាមពាក្យសម្តីជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

លោក Orhan បានបន្ដថា “វិបត្តិតំបន់ហ្គាហ្សា ដែលកំពុងបន្តបានគូសបញ្ជាក់ពីកំហុសនៅក្នុងទំនាក់ទំនងតួកគី-អាមេរិក ហើយការវាយប្រហារនៅយេម៉ែន គឺជាផ្នែកមួយនៃភាពតានតឹងរវាងតួកគី និងលោកខាងលិច” ដោយចង្អុលបង្ហាញថា តួកគី ភ័យខ្លាចជម្លោះដ៏ទូលំទូលាយនៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top