ព័ត៌មានអន្តរជាតិ

ទិន្នន័យពីប្រអប់ខ្មៅបញ្ជាក់ថា យន្តហោះរុស្ស៊ី ដឹកឈ្លើយសឹកអ៊ុយក្រែន គឺត្រូវបានបាញ់ទម្លាក់

រូបភាពពី៖​ RT News

បរទេស៖ សារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពមួយថា ទិន្នន័យឧបករណ៍ថតទៅលើការហោះហើរពីយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី Il-76 ដែលបានធ្លាក់ខណៈកំពុងដឹកក្រុមឈ្លើយសឹកអ៊ុយក្រែន (POWs) កាលពីសប្តាហ៍មុន បានបញ្ជាក់ថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយចេតនា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះ Il-76 បានធ្លាក់ពីលើតំបន់ Belgorod របស់រុស្ស៊ី ដែលជាប់ព្រំដែនអ៊ុយក្រែន កាលពីថ្ងៃពុធសប្តាហ៍មុន។ អ្នកនៅលើយន្តហោះទាំងអស់ រួមទាំង ទាហានអ៊ុយក្រែន ៦៥ នាក់ដែលត្រូវបានចាប់ខ្លួន, សមាជិកនាវិក ៦ នាក់ និងទាហានរុស្ស៊ី ៣ នាក់ គឺបានស្លាប់ទាំងអស់នៅក្នុងការធ្លាក់នេះ។ ក្រសួងការពារជាតិរុស្ស៊ីបានទទូចថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងរបស់ទីក្រុងគៀវ ដែលខ្លួននិយាយថា ត្រូវបានជូនដំណឹងជាមុនថា យន្តហោះនេះនឹងដឹកជញ្ជូន POWs សម្រាប់ការផ្លាស់ប្តូរអ្នកទោសនៅពេលក្រោយ។

ខណៈពេលដែលការស៊ើបអង្កេតកំពុងដំណើរការ ប្រភពមួយនៅក្នុងសេវាកម្មសន្តិសុខរុស្ស៊ីបានប្រាប់ TASS ថា ទិន្នន័យដែលទទួលបានពីប្រអប់ខ្មៅរបស់យន្តហោះ “មិនរាប់បញ្ចូលកំណែដែលអាចកើតមានផ្សេងទៀតទាំងអស់នៃការធ្លាក់ Il-76 ហើយបញ្ជាក់ថា យន្តហោះនេះត្រូវបានទទួលរងឥទ្ធិពលពីខាងក្រៅ” ដោយបញ្ជាក់ថា យន្តហោះត្រូវបាន “បាញ់ទម្លាក់នៅលើអាកាស” ។

ក្រុងគៀវ បានបញ្ជាក់ថា ការដោះដូរអ្នកទោសគ្រោងនឹងធ្វើឡើងនៅថ្ងៃដែលយន្តហោះត្រូវបានទម្លាក់ ទោះបីជាទីភ្នាក់ងារស៊ើបការណ៍យោធារបស់អ៊ុយក្រែន GUR បានទទូចថា ខ្លួនមិនត្រូវបានគេជូនដំណឹងអំពីរបៀបដែល POWs នឹងត្រូវផ្ទេរទៅកាន់កន្លែងដោះដូរនោះក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top