ព័ត៌មានអន្តរជាតិ

កងទ័ព​អ៊ីស្រាអែល បើកការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ ទៅ​លើ​ក្រុងរ៉ាហ្វា នៃ​តំបន់ហ្គាហ្សា ស្លាប់ និងរបួសរាប់សិបនាក់

Xinhua

ហ្គាហ្សា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈនេះថា កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារយោធាទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូង និងតំបន់ជុំវិញនៃតំបន់ហ្គាហ្សាស្ទ្រីប។

យ៉ាងហោចណាស់មនុស្ស ៥២នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លា របស់កងទ័ពអ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហកវា ភាគខាងត្បូង និងតំបន់ជុំវិញតំបន់ហ្គាហ្សាស្ទ្រីប។

កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ទៅលើតំបន់ហ្គាហ្សាភាគខាងត្បូងនៅថ្ងៃចន្ទ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតនោះទេ។

ក្រសួងសុខាភិបាលដែលមានមូលដ្ឋាន នៅហ្គាហ្សាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៨,១៧៦នាក់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ ដោយមាន ៦៧,៧៨៤នាក់ផ្សេងទៀតបានរងរបួស។

ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ប្រហែលពាក់កណ្តាលនៃអ្នកស្រុក នៅទីនោះបានភៀសខ្លួនទៅកាន់ទីក្រុងរ៉ាហ្វា ដែលនៅជាប់នឹងប្រទេសអេហ្ស៊ីប ដើម្បីស្វែងរកសុវត្ថិភាព។

ទីក្រុងព្រំដែនដែលទទួលបានជំនួយស្បៀងអាហារ និងថ្នាំពីបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ តាមរយៈផ្លូវកាត់រ៉ាហ្វា មានមនុស្សច្រើនកុះករដោយតង់នៅលើដីកសិកម្ម ដែលទំនេរ សាលារៀន និងនៅតាមដងផ្លូវជាដើម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top