បរទេស៖ ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា នាវាផ្ទុកយន្តហោះ HMS Prince of Wales មិនអាចចេញដំណើរសម្រាប់ សមយុទ្ធដ៏ធំបំផុតរបស់ណាតូ ចាប់តាំងពីសង្គ្រាមត្រជាក់មក។ នេះជាកំហុសលើកទីពីរដែល ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ Royal Navy ក្នុងរយៈពេលមួយសប្តាហ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នាវាដឹកយន្តហោះ HMS Queen Elizabeth ដំបូងឡើយត្រូវបានគេគ្រោងនឹងដឹកនាំសមយុទ្ធ Nordic Response 2024 ដែលនឹងប្រមូលផ្តុំនាវាចម្បាំង NATO ប្រហែល ៤០ គ្រឿងចេញពីឆ្នេរសមុទ្រន័រវេសក្នុងខែមីនា និងបម្រើជាសមាសភាគកងនាវាចរ នៃសមយុទ្ធយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិកដែលទូលំទូលាយជាង សមយុទ្ធ Steadfast Defender 2024 ។ ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់នាវាដឹកយន្តហោះ នៅក្នុងការប្រកួតសង្គ្រាមរបស់ណាតូ ត្រូវបានលុបចោលនៅនាទីចុងក្រោយ នៅថ្ងៃទី៤ ខែកុម្ភៈ បន្ទាប់ពីបានរកឃើញបញ្ហាជាមួយនឹង ការភ្ជាប់ប្រដាប់ស្លាបចាក់របស់នាវា។
នាវាដឹកយន្តហោះ HMS Prince of Wales ត្រូវបានកំណត់ឱ្យធ្វើជាអ្នកជំនួសនាវា HMS Queen Elizabeth ប៉ុន្តែនាវានេះ ក៏មិនអាចចាកចេញពីកំពង់ផែបាននោះដែរ ក្នុងរយៈពេលដែលបានកំណត់មកដល់។
កាលពីថ្ងៃអាទិត្យ អ្នកទស្សនាបានប្រមូលផ្តុំគ្នានៅឯកំពង់ផែ Portsmouth ដើម្បីមើលនាវាចម្បាំងតម្លៃ ៣ ពាន់លានផោន ស្មើនឹងប្រហែល ៣,៨ ពាន់លានដុល្លារ ធ្វើដំណើរ។ ប៉ុន្តែនៅមាត់កំពង់ផែត្រូវបាន បិទមិនឱ្យធ្វើចរាចរណ៍តាមនីតិវិធី នៅពេលដែលគេបានប្រកាសថា ការចាកចេញរបស់នាវា ដឹកយន្តហោះនេះត្រូវបានពន្យារពេល ៕
ប្រែសម្រួលៈ ណៃ តុលា