ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌលើការសង្ស័យថា មានការជាប់ពាក់ព័ន្ធរបស់មន្ត្រីលោកខាងលិចក្នុងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។
សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានផ្តួចផ្តើមឡើង បន្ទាប់ពីមានការស្នើសុំពីសមាជិកសភារុស្ស៊ី និងមន្ត្រីដទៃទៀត ដើម្បីស៊ើបអង្កេតការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពភេរវករដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងប្រទេសណាតូ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
គណៈកម្មាធិការនេះបានឲ្យដឹងថា ខ្លួនបានរកឃើញថាមូលនិធិ ដែលទទួលបានតាមរយៈអង្គការពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនប្រេង និងឧស្ម័ន Burisma Holdings ដែលមានមូលដ្ឋាននៅអ៊ុយក្រែន ត្រូវបានគេប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធ្វើសកម្មភាពភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។
ការស៊ើបអង្កេតកំពុងពិនិត្យមើលប្រភព និងលំហូរនៃមូលនិធិ “ក្នុងចំនួនទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក” ក៏ដូចជាការចូលរួមរបស់មន្ត្រីលោកខាងលិចជាក់លាក់ និងបុគ្គលមកពីអង្គការពាណិជ្ជកម្ម និងសាធារណៈ៕ ប្រែសម្រួល ឈូក បូរ៉ា