ព័ត៌មានអន្តរជាតិ

ស្លាប់៦នាក់ និងបាត់ខ្លួនជាច្រើននាក់ នៅក្នុងអំឡុងពេលក្រឡាប់ទូកលិច នៅក្នុងដែនទឹកប្រទេសឥណ្ឌា

Xinhua

ញ៉ូដេលី៖ មនុស្សតិចបំផុតចំនួន៦នាក់ បូករួមទាំងកុមារសិស្សសាលា៤នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួនកាលពីថ្ងៃអង្គារ ក្រោយពីទូកដែលដឹកពួកគេក្រឡាប់លិច នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា ។

គេបានដឹងថា ទូកដែលផ្ទុកមនុស្សជាង២០នាក់បានលិចចូលនៅក្នុងទន្លេ Jehlum នៅឯជាយក្រុង Srinagar ដែលជារដ្ឋធានីរដូវក្តៅនៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា ។

មន្ត្រីប៉ូលិសម្នាក់បានឲ្យដឹងថា “នៅព្រឹកនេះទូក១គ្រឿងបានក្រឡាប់លិចនៅក្នុងទន្លេ Jhelum ក្នុងតំបន់ Gandbal បន្ទាប់ពីខ្សែដែលប្រើដើម្បីកាច់ចង្កូតទូកឆ្លងទន្លេភ្លាមៗ ។ នៅក្នុងឧបទ្ទវហេតុនេះមានមនុស្សចំនួន៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន” ។ “មនុស្សមួយចំនួនត្រូវបានគេជួយសង្គ្រោះ ហើយពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ” ។

ក្រោយកើតហេតុ ពលរដ្ឋបានរាយការណ៍ប្រាប់ដល់សមត្ថកិច្ច ឲ្យប្រញាប់ប្រញាល់មក ហើយក្រុមជួយសង្គ្រោះ នគរបាល និងកម្លាំងឆ្លើយតបគ្រោះមហន្តរាយ បានចុះទៅរាវរកនៅក្នុងទន្លេ ដើម្បីតាមរកអ្នកដែលបាត់ខ្លួនទាំងនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top