ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសទណ្ឌកម្មថ្មី របស់សហភាពអឺរ៉ុប

តេអេរ៉ង់ៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានរិះគន់ការសម្រេចចិត្តថ្មីៗ របស់សហភាពអឺរ៉ុប ក្នុងការពង្រីកការដាក់ទណ្ឌកម្មលើទីក្រុងតេអេរ៉ង់។

នៅក្នុងការបង្ហោះនៅលើ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Amir-Abdollahian បាននិយាយថា “វាជាការសោកស្តាយ ដែលឃើញសហភាពអឺរ៉ុប សម្រេចចិត្តយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តការរឹតបន្តឹងខុសច្បាប់ បន្ថែមទៀតប្រឆាំងនឹងទីក្រុងអ៊ីរ៉ង់ ដោយសារតែប្រទេសនេះបានអនុវត្ត សិទ្ធិការពារខ្លួនក្នុងការប្រឈមមុខនឹង ការឈ្លានពានមិនប្រុងប្រយ័ត្នរបស់អ៊ីស្រាអែល”។ 

អ្នកការទូតកំពូលអ៊ីរ៉ង់រូបនេះ បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីពង្រីកការដាក់ទណ្ឌកម្មរបស់ប្លុកលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹង ប្រតិបត្តិការយោធាសងសឹកដ៏ធំ របស់ប្រទេសប្រឆាំងនឹង អ៊ីស្រាអែលកាលពីដើមខែនេះ។

លោកបានអំពាវនាវឱ្យសហភាពអឺរ៉ុប កុំធ្វើតាមការណែនាំរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបំពេញតាមរបបអ៊ីស្រាអែល ដោយបន្ថែមថា វាក៏គួរឱ្យសោកស្តាយផងដែរ ដែលខណៈពេលដែលអ៊ីស្រាអែល បន្តការវាយប្រហារលើប៉ាឡេស្ទីន តាមរយៈឧក្រិដ្ឋកម្មសង្គ្រាម ការវាយប្រហារដោយមីស៊ីល និងគ្រោះទុរ្ភិក្ស ការឆ្លើយតបរបស់សហភាពអឺរ៉ុប ចំពោះឧក្រិដ្ឋកម្មបែបនេះគឺ  ស្ទើរតែគ្មានអ្វីក្រៅតែពីពាក្យសំដី។

លោក Amir-Abdollahian បានជំរុញឱ្យសហភាពអឺរ៉ិប ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងដាក់ទណ្ឌកម្មលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ព្យាយាមកាត់បន្ថយការនាំចេញ សមាសធាតុដែលផលិតដោយអឺរ៉ុប ទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានប្រើក្នុងការផលិត យានជំនិះគ្មានមនុស្សបើក (UAVs) និងមីស៊ីលផ្លោង។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសពី ការដាក់ទណ្ឌកម្មថ្មីជាបន្តបន្ទាប់ ដែលផ្តោតលើមេដឹកនាំ និងអង្គភាពពាក់ព័ន្ធជាមួយកងឆ្មាំ បដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ក្រសួងការពារជាតិ និងកម្មវិធីមីស៊ីល និងយន្តហោះដ្រូន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top