ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ច្រានចោលសេចក្តីសម្រេចរបស់រុស្ស៊ី ស្តីពីការហាមឃាត់អាវុធ នៅក្នុងលំហអាកាស

Kyodo

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលដំណោះស្រាយ ដែលស្នើឡើងដោយប្រទេសរុស្ស៊ី ស្តីពីការហាមឃាត់អាវុធទាំងអស់នៅក្នុងលំហ ដោយសហរដ្ឋអាមេរិកបានថា ទីក្រុងម៉ូស្គូ កំពុងព្យាយាមបំភាន់ពិភពលោក ពីចេតនាពិតរបស់ខ្លួន។

សមាជិកប្រាំពីរនៃក្រុមប្រឹក្សា ១៥អាសនៈ រួមទាំងប្រទេសចិនបានគាំទ្រដំណោះស្រាយនេះ ខ្វះចំនួន៩ ដែលត្រូវការសម្រាប់ការអនុម័ត។ សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស ៥​ផ្សេង​ទៀត​បាន​ប្រឆាំង​នឹង​ខ្លួន ខណៈ​ដែល​ប្រទេស​ស្វីស​បាន​អនុប្បវាទ។

សហរដ្ឋអាមេរិកបានឲ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃទី១៦ ខែឧសភា ដែលអាចជាអាវុធ ដែលអាចវាយប្រហារផ្កាយរណបផ្សេងទៀត ហើយរុស្ស៊ីបានបាញ់បង្ហោះ ផ្កាយរណបស្រដៀងគ្នា នៅឆ្នាំ២០១៩ និង២០២២។

ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក លោក Robert Wood បានឲ្យដឹងមុនការបោះឆ្នោតថា “យើងនៅទីនេះនៅថ្ងៃនេះ ដោយសារតែរុស្ស៊ីព្យាយាមបង្វែរ ការយកចិត្តទុកដាក់ជាសកល ពីការអភិវឌ្ឍន៍របស់ខ្លួន នៃផ្កាយរណបថ្មីដែលផ្ទុក នូវឧបករណ៍នុយក្លេអ៊ែរ”។

លោក Vasily Nebenzia ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ របស់ប្រទេសរុស្ស៊ីបានឆ្លើយតបដោយថា “ខ្ញុំមិនបានយល់ទាំងស្រុង នូវអ្វីដែលគាត់កំពុងនិយាយអំពី ប៉ុន្តែនោះមិនមែនជាអ្វីដែលសំខាន់នោះទេ” ។

កាលពីខែមេសា សហរដ្ឋអាមេរិក និងជប៉ុន បានដាក់សេចក្តីសម្រេចមួយទៅកាន់ក្រុមប្រឹក្សា ដើម្បីបញ្ជាក់ជាថ្មីអំពីការហាមឃាត់អាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងទៀតនៅក្នុងលំហ។ រុស្ស៊ី​បាន​វេតូ​ដំណោះស្រាយ​នេះ ហើយ​បន្ទាប់​មក​បាន​ឲ្យដឹងថា ខ្លួន​នឹង​ស្នើ​ដំណោះស្រាយ​របស់​ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top