ព័ត៌មានអន្តរជាតិ

ជប៉ុន នឹង​ធ្វើ​ការ​ជាមួយ​អាស៊ាន ដើម្បី​បណ្ដុះបណ្ដាល​ អ្នក​ជំនាញ​ឌីជីថល​ចំនួន ១០ម៉ឺន​នាក់

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន មានគោលបំណងធ្វើការជាមួយអាស៊ាន ដើម្បីបណ្តុះបណ្តាលអ្នកជំនាញឌីជីថល ដែលមានជំនាញខ្ពស់ចំនួន ១០ម៉ឺននាក់ នៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត និងគ្រឿងអេឡិចត្រូនិកក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

លោក គីស៊ីដា ក៏បានឲ្យដឹងនៅក្នុងសុន្ទរកថានៅទីក្រុងតូក្យូថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទីពីរ នៃក្របខ័ណ្ឌសហគមន៍ការបំភាយសូន្យ ដែលដឹកនាំដោយប្រទេសជប៉ុន ដែលពាក់ព័ន្ធនឹងប្រទេសអូស្ត្រាលី និងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមិនរាប់បញ្ចូលមីយ៉ាន់ម៉ា នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា របស់ឥណ្ឌូនេស៊ីក្នុងខែសីហា។

លោកបានបន្ដថា ប្រទេសជប៉ុន និងអាស៊ាននឹងបង្កើតយុទ្ធសាស្ត្ររយៈពេល ១០ឆ្នាំរហូតដល់ឆ្នាំ២០៣៥ ដើម្បីលើកកម្ពស់ឧស្សាហកម្មរថយន្តជំនាន់ក្រោយ ជាមួយនឹងផែនការនឹងត្រូវបាន បង្ហាញនៅក្នុងរដូវស្លឹកឈើជ្រុះ។

យុទ្ធសាស្ត្រនេះនឹងត្រូវបានបង្កើតឡើង ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ដែលមានទីស្នាក់ការនៅទីក្រុងហ្សាកាតា។

គួរបញ្ជាក់ថា ក្រុម​អាស៊ាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top