បរទេស៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានអះអាងថា សមាជិកនៃប្លុកយោធាលោកខាងលិច គួរតែអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់ពួកគេដោយសេរី ដើម្បីបើកការវាយប្រហារ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Stoltenberg បាននិយាយកាលពីថ្ងៃសុក្រ ក្នុងបទសម្ភាសន៍ជាមួយ The Economist ថា “ពេលវេលាបានមកដល់ សម្រាប់សម្ព័ន្ធមិត្ត ដើម្បីពិចារណាថា តើពួកគេគួរតែលុបចោលការ រឹតបន្តឹងមួយចំនួន ដែលពួកគេបាន ដាក់លើការប្រើប្រាស់សព្វាវុធ ដែលពួកគេដែលបានបរិច្ចាគ ដល់អ៊ុយក្រែនដែរឬទេ” ។
លោកបន្តថា “ជាពិសេសឥឡូវនេះ នៅពេលដែលការប្រយុទ្ធគ្នាជាច្រើន កំពុងកើតឡើងនៅទីក្រុង Kharkov ជិតព្រំដែន ដើម្បីបដិសេធអ៊ុយក្រែន នូវលទ្ធភាពនៃការប្រើប្រាស់អាវុធទាំងនេះ ប្រឆាំងនឹងគោលដៅយោធា ស្របច្បាប់នៅលើទឹកដីរុស្ស៊ី ធ្វើឱ្យពួកគេពិបាកការពារខ្លួនខ្លាំងណាស់”។
លោក Stoltenberg បានកត់សម្គាល់ថា សមាជិកណាតូមួយចំនួនបានដកការរឹតបន្តឹងលើការប្រើប្រាស់អាវុធរបស់ពួកគេ ដើម្បីវាយប្រហារគោលដៅនានា ក្នុងទឹកដីរុស្ស៊ីរួចហើយ។
នៅពេលសួរថាតើលោកកំពុង សំដៅលើសហរដ្ឋអាមេរិកថាជាអ្នករារាំងដ៏សំខាន់មួយឬអត់នោះ ? លោក Stoltenberg បាននិយាយថា “ខ្ញុំគិតថាអ្វីដែលយើងឃើញ នៅពេលនេះបង្ហាញពីតម្រូវការដើម្បីពិចារណាឡើងវិញនូវការរឹតបន្តឹងទាំងនោះ មិនមែនយ៉ាងហោចណាស់ ដោយសារតែយើងកំពុងមានការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន”៕
ប្រែសម្រួលៈ ណៃ តុលា
