តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានអំពាវនាវឱ្យរដ្ឋមូស្លីម ប្រើប្រាស់សមត្ថភាពទាំងអស់ ដើម្បីគាំទ្រជនជាតិប៉ាឡេស្ទីន និងបញ្ឈប់ឧក្រិដ្ឋកម្ម របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍន៍ ចុងក្រោយបង្អស់នៅក្នុងតំបន់ហ្គាហ្សា ជាពិសេសនៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងបំផុតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Bagheri Kani បានថ្កោលទោស “ឧក្រិដ្ឋកម្មប្រឆាំងនឹងជន ស៊ីវិលស្លូតត្រង់” របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយបានថ្កោលទោស ការបិទផ្លូវឆ្លង កាត់ដីចូលទៅក្នុងច្រូត និងការបិទរថយន្តជំនួយ ដែលកំណត់គោលដៅសម្រាប់តំបន់ដែលហែកហួរដោយសង្រ្គាម។
លោកបានអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ក្នុងចំណោមរដ្ឋមូស្លីម ដើម្បីគាំទ្រ “ប្រជាជន ដែលត្រូវបានជិះជាន់នៅតំបន់ហ្គាហ្សា” ដោយបន្ថែមថា រដ្ឋមូស្លីម មិនគួរទុកឱកាសណាមួយ ដើម្បីគាំទ្រប៉ាឡេស្ទីនឡើយ។
ចំណែករដ្ឋមន្ត្រីការបរទេសតួកគីវិញ បានជំរុញឱ្យមានការសម្របសម្រួលកាន់តែខ្លាំង ក្នុងចំណោមរដ្ឋម៉ូស្លីមទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោកបានសាទរចំពោះសំណើរបស់អ៊ីរ៉ង់ សម្រាប់ការកោះប្រជុំវិសាមញ្ញនៃអង្គការសហប្រតិបត្តិការឥស្លាមថាមានតម្លៃ ដោយលោកបញ្ជាក់ថា ការបន្តការពិគ្រោះយោបល់រវាងទីក្រុងអង់ការ៉ា និងក្រុងតេអេរ៉ង់លើស្ថានភាពតំបន់ហ្គាហ្សា និងបញ្ហាទ្វេភាគី និងតំបន់ផ្សេងទៀតគឺ “ស្ថាបនា”៕
ប្រែសម្រួល ឈូក បូរ៉ា