ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយ៉ែមែន ប្រកាសថា ខ្លួនបើកការវាយប្រហារ ទៅលើនាវាចំនួន៣ គ្រឿងនៅសមុទ្រក្រហម

AFP

សាណាអា ៖ អ្នកនាំពាក្យយោធា របស់ក្រុម ហួធី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុម ហួធី របស់ប្រទេសយ៉ែមែន កាលពីថ្ងៃ ខ្លួនបានបើកការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងនាវាចំនួន៣គ្រឿង ដែលបានធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់ ។

លោក Yahya Sarea បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សាយដោយទូរទស្សន៍គ្រប់គ្រង ដោយក្រុមហួធី ឈ្មោះថា al-Masirah TV បានផ្សព្វផ្សាយថា ក្រុមនេះបានធ្វើប្រតិបត្តិការចំនួន២លើក នៅក្នុងសមុទ្រក្រហម ដោយកំណត់គោលដៅ លើកប៉ាល់ ROZA និងនាវា VANTAGE DREAM ជាមួយនឹងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ។

លោកបានបញ្ជាក់ថា “ក្រុមហ៊ុនទាំង២បានរំលោភលើការសម្រេចចិត្ត របស់ (ក្រុមហួធី) ដែលហាមឃាត់ការចូលនាវាទៅកាន់កំពង់ផែនៃប្រទេសប៉ាឡេស្ទីន ដែលកាន់កាប់ដោយ (អ៊ីស្រាអ៊ែល)” ។

លោកបានបន្ថែមទៀតថា “ប្រតិបត្តិការលើកទី៣បានកំណត់គោលដៅ លើនាវាអាមេរិក MAERSK SELETAR ជាមួយនឹងយន្តហោះគ្មានមនុស្ស បើកមួយចំនួននៅភាគខាងកើត នៃសមុទ្រអារ៉ាប់” ។

អ្នកនាំពាក្យយោធា របស់ក្រុមហួធី បានបញ្ជាក់ឲ្យដឹងទៀតថា យើងនឹងបន្តប្រតិបត្តិការយោធា ដើម្បីគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន រហូតដល់ការឈ្លានពាន របស់អ៊ីស្រាអ៊ែបានបញ្ចប់ ហើយការឡោមព័ទ្ធពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានដកចេញផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top