ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមឧទ្ទាម ហួធី គំរាម នឹងវាយប្រហារទៅលើកប៉ាល់ណា ដែលមានជាប់ពាក់ព័ន្ធនឹង អ៊ីស្រាអ៊ែល នៅមហាសមុទ្រឥណ្ឌា

The Guadian

អាដែន៖ លោក Abdul Malik al-Houthi មេដឹកនាំក្រុមឧទ្ទាម ហួធី (Houthis) នៅក្នុងប្រទេស យ៉េមែន បានចេញការគំរាមកំហែង ជាថ្មីមួយកាលពីយប់ ថ្ងៃព្រហស្បតិ៍ ដោយបានប្តេជ្ញាថា នឹងរារាំងកប៉ាល់ ដែលពាក់ព័ន្ធជាមួយអ៊ីស្រាអ៊ែល មិនឱ្យឆ្លងកាត់មហាសមុទ្រឥណ្ឌា នៅជិតក្រុង Cape of Good Hope ដែលស្ថិតនៅចុងភាគខាងត្បូង នៃទ្វីបអាហ្វ្រិក ។

នៅក្នុងសុន្ទរកថា ដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah របស់ក្រុមឧទ្ទាម មេដឹកនាំក្រុម ហួធី បានអះអាងថា កងកម្លាំងរបស់គាត់ បានចាប់ផ្តើមប្រតិបត្តិការដែន សមុទ្ររួចហើយនៅក្នុងមហាសមុទ្រឥណ្ឌា ដើម្បីកំណត់គោលដៅកប៉ាល់ “ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល” ។

លោកបានអះអាងថា ក្រុមនេះបានវាយប្រហារកប៉ាល់ និង កប៉ាល់ចំនួន៧៣គ្រឿងគិតមកទល់ពេលនេះ នៅសមុទ្រក្រហម សមុទ្រអារ៉ាប់ និងឈូងសមុទ្រ អាដែន (Aden) ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយបានកត់សម្គាល់ថា យុទ្ធជន ហួធី ចំនួន៣៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយក្រុមចម្រុះអាមេរិក និងចក្រភពអង់គ្លេស ។

លោក al-Houthi បានលើកឡើង ដោយព្រមានថា “យើងកំពុងធ្វើចលនា ដើម្បីការពារការឆ្លងកាត់ នៃកប៉ាល់ដែលមាន ទំនាក់ទំនងទៅនឹងសត្រូវ គឺអ៊ីស្រាអ៊ែល សូម្បីតែអ្នកដែលឆ្លង កាត់មហាសមុទ្រឥណ្ឌា និង មកពីអាហ្វ្រិក ខាងត្បូងឆ្ពោះទៅកាន់ ក្រុងCape of Good Hope” ។ លោក al-Houthi បានថ្លែងដោយព្រមានថា “ប្រតិបត្តិការរបស់យើងលើកនេះ ឈានដល់ទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមកនោះទេ ដែលជាវិសាលភាព ហើយប្រតិបត្តិការចំនួន៣ របស់យើងបានទៅដល់មហាសមុទ្រឥណ្ឌា” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top