បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានស្នើកាលពីថ្ងៃសុក្រ ក្នុងអំឡុងកិច្ចប្រជុំ ជាមួយអ្នកការទូត កំពូលរបស់ប្រទេសថា អឺរ៉ុបខាងលិចចាំបាច់ត្រូវរក្សាទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ ប្រសិនបើខ្លួនចង់រក្សាឋានៈជាមជ្ឈមណ្ឌលមួយ នៃការអភិវឌ្ឍន៍ពិភពលោក ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនធ្វើការរួមគ្នាជាមួយសហភាពអឺរ៉ុប ហើយលោកបានទទូចថា ទីក្រុងមូស្គូមិនមានចេតនាអាក្រក់ឡើយ ដោយចង្អុលបង្ហាញថា រាល់សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយមន្ត្រីលោកខាងលិចនាពេលថ្មីៗនេះ អំពីការវាយប្រហាររបស់រុស្ស៊ីគឺ “មិនសមហេតុសមផល”។
លោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា “ការគំរាមកំហែង” ដ៏ធំបំផុតចំពោះប្លុកនេះនាពេលបច្ចុប្បន្ននេះ មិនត្រូវបានបង្កឡើងដោយរុស្ស៊ីទេ ប៉ុន្តែដោយការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់ខ្លួនទៅលើសហរដ្ឋអាមេរិកនៅក្នុង “វិស័យយោធា នយោបាយ បច្ចេកវិទ្យា មនោគមវិជ្ជា និងព័ត៌មាន”។
លោកពូទីនបាននិយាយថា “អឺរ៉ុបកំពុងត្រូវបានរុញច្រានកាន់តែខ្លាំងឡើងទៅកាន់គែមនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ហើយកំពុងធ្លាក់ចូលទៅក្នុងភាពវឹកវរ នៃការធ្វើចំណាកស្រុក និងបញ្ហាសម្ពាធផ្សេងៗទៀត” ដោយបន្ថែមថា អឺរ៉ុបក៏ត្រូវបានដកហូតនូវប្រធានបទអន្តរជាតិ និងអត្តសញ្ញាណវប្បធម៌ផងដែរ។
លោក ពូទីន ក៏បានកត់សម្គាល់ផងដែរថា សព្វថ្ងៃនេះ មេដឹកនាំនយោបាយ របស់សហភាពអឺរ៉ុប និងតំណាងជាច្រើន នៃការិយាធិបតេយ្យអ៊ឺរ៉ុប ហាក់ដូចជាមានការភ័យខ្លាច ចំពោះការធ្លាក់ចេញ ពីការពេញចិត្តជាមួយទីក្រុងវ៉ាស៊ីនតោន ជាជាងបាត់បង់ការជឿ ទុកចិត្តពីប្រជាជនរបស់ខ្លួន។ ប្រធានាធិបតីរុស្ស៊ី បាននិយាយទៀតថា ការពិតនេះក៏ក្លាយ ជាជាក់ស្តែងផងដែរ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតសភាសហភាពអឺរ៉ុបចុងក្រោយបង្អស់៕
ប្រែសម្រួលៈ ណៃ តុលា