បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតីអាមេរិក និងបេក្ខជន មកពីគណបក្ស សាធារណរដ្ឋ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ លោក Donald Trump បានអះអាងសារជាថ្មី នូវការសន្យារបស់លោក ក្នុងការបញ្ឈប់ជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បន្ទាប់ពីការសន្ទនារបស់គាត់ជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ។
លោក Trump បានសរសេរ នៅក្នុងការបង្ហោះនៅលើ Truth Social របស់គាត់ថា៖ការសន្ទនាគ្នា តាមទូរស័ព្ទប្រព្រឹត្តទៅ បានយ៉ាងល្អណាស់ ជាមួយនឹងលោក Zelensky ក្នុងអំឡុងពេល ដែលអ្នកនយោបាយអ៊ុយក្រែន បានអបអរសាទរ គាត់ចំពោះ ជោគជ័យយ៉ាងខ្លាំង ព្រមទាំងថ្កោលទោសការប៉ុនប៉ង ធ្វើឃាតដ៏សាហាវ នាពេលចុងក្រោយនេះផង។
លោក Trump បាននិយាយបន្តទៀតថា លោកកោតសរសើរចំពោះ Zelensky ចំពោះការទាក់ទងមកហើយ ព្រោះលោក Trump បានអះអាងក្នុងនាមជាប្រធានាធិបតីអាមេរិកបន្ទាប់របស់អាមេរិក នឹងនាំមកនូវសន្តិភាពដល់ពិភពលោក និងបញ្ចប់សង្រ្គាមដែលបានសម្លាប់ជីវិតមនុស្សយ៉ាងច្រើន និងបំផ្លិចបំផ្លាញគ្រួសារស្លូតត្រង់រាប់មិនអស់នេះ។
លោក Zelensky បានអះអាងថា លោកបានយល់ព្រម ជាមួយលោកប្រធានាធិបតី Trump ដើម្បីពិភាក្សានៅក្នុង កិច្ចប្រជុំផ្ទាល់ខ្លួន ថាតើជំហានអ្វីខ្លះអាចធ្វើឱ្យសន្តិភាពមានភាពយុត្តិធម៌ និងយូរអង្វែងពិតប្រាកដ។
ទោះបីជាយ៉ាងណាក្តីថ្លែង ទៅកាន់ទូរទស្សន៍ BBC របស់រដ្ឋអង់គ្លេស ក្នុងអំឡុង ពេលធ្វើដំណើរ ទៅកាន់ចក្រភពអង់គ្លេស ក្នុងសប្តាហ៍នេះ លោក Zelensky បានរំលឹកឡើងវិញថា រដ្ឋាភិបាលរបស់លោក នៅបន្តស្វែង រកជ័យជម្នះទាំងស្រុង នៅក្នុងជម្លោះជាមួយរុស្ស៊ីនៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី