ព័ត៌មានអន្តរជាតិ

កងទ័ពថៃថា ខ្លួនចង់បានយន្តហោះ គ្មានមនុស្សបើកបំពាក់អាវុធ និងឧទ្ធម្ភាគចក្រវាយប្រហារ ដើម្បីការពារជាតិ ពីការគំរាមកំហែងគ្រប់ប្រភេទ

Pattarapong Chatpattarasill

បរទេស៖ កងទ័ពរបស់ប្រទេសថៃ បានចេញផ្សាយសំណើ ស្តីពីគោលនយោបាយ ឬរបាយការណ៍សម្រាប់ឆ្នាំ ២០២៤ ដោយអំពាវនាវ ឱ្យមានការទិញអាវុធ ជាច្រើន ប្រភេទ រួមទាំងយន្តហោះគ្មាន មនុស្សបើកប្រដាប់ដោយអាវុធ ដើម្បីដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខដល់ប្រទេសថៃ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍ដែលបានផ្សព្វផ្សាយ ជាសាធារណៈកាលពីថ្ងៃអាទិត្យ បានអះអាងថា កងទ័ពត្រូវការអាវុធ ដើម្បីការពារជាតិពីការគំរាម កំហែងគ្រប់ប្រភេទ។

របាយការណ៍ដដែលបានផ្តល់ទិដ្ឋភាព ទូទៅនៃសំណើសុំអាវុធ និងឧបករណ៍ពាក់ព័ន្ធ ប៉ុន្តែមិនបានបញ្ចូលព័ត៌មានលម្អិតទេ។

ក្រៅពីយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រវាយប្រហារ ឯកសារបានបញ្ជាក់ថា កងទ័ពក៏ត្រូវការរថក្រោះ រថពាសដែកដែលមានកង់ ឧទ្ធម្ភាគចក្រល្បាត យន្តហោះដឹកជញ្ជូន ប្រព័ន្ធរ៉ាដាការពារ ប្រព័ន្ធត្រួតពិនិត្យដែនដី និងឧបករណ៍ស៊ើបការណ៍ និងទំនាក់ទំនងដែលល្អជាង។

អគ្គមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ Charoenchai Hinthao បាននិយាយថា របាយការណ៍ត្រូវបានចែកចាយ ដើម្បីឱ្យសាធារណជនទូទៅ បានទទួលស្គាល់ និងយល់ពីតួនាទី របស់កងទ័ព និងក្របខ័ណ្ឌអភិវឌ្ឍន៍របស់វា ។

លោកបានបន្តថា បញ្ជីអាវុធគឺផ្អែកលើបញ្ហា ប្រឈមដែលអាចកើតមាន ចាប់ពីពេលបច្ចុប្បន្នដល់ឆ្នាំ ២០២៧៕

ប្រែសម្រួលៈ ណៃ តុលា

To Top